ស្ថាប័នព័ត៌មាន បណ្តាញទូរទស្សន៍ ស្ទូឌីយោភាពយន្តនិងទូរទស្សន៍ និងក្រុមហ៊ុនកម្សានធំៗមួយចំនួនបានសម្រេចបញ្ឈប់បុគ្គលិករាប់រយនាក់គ្រាន់តែក្នុងរយៈពេល ១ សប្តាហ៍មុននេះតែប៉ុណ្ណោះ ក្នុងនោះក៏មានទូរទស្សន៍ CNN របស់ក្រុមហ៊ុន Warner Bros. Discovery Inc. និងអង្គភាពផលិតកម្មទូរទស្សន៍របស់ក្រុមហ៊ុន Paramount Global ផងដែរ។
ទង្វើនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនកម្សាន្តជាច្រើនបានចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ទៅលើសេវាកម្មផ្សាយផ្ទាល់ (Streaming) ដោយប្រើបណ្ដាញអ៊ីនធើណែត ក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលឥឡូវនេះវាកំពុងជះឥទ្ធិពលលើផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ ទន្ទឹមនឹងនោះ ការផ្សាយតាមបែបប្រពៃណី និងទូរទស្សន៍ខ្សែកាបបន្តប្រឈមមុខនឹងការលែងមានអ្នកមើល និងអតិថិជនផ្សាយពាណិជ្ជកម្មតទៅទៀតផងដែរ។
ក្រុមហ៊ុន Walt Disney Co., ក្រុមហ៊ុន Warner Bros. Discovery និងក្រុមហ៊ុន Paramount Global បានខាតបង់សរុបចំនួន ២ពាន់៥រយលានដុល្លារទៅលើការផ្សាយផ្ទាល់ Streaming នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងនេះកំពុងព្យាយាមទប់ស្កាត់ការចំណាយទាំងនេះ។
កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រុមហ៊ុន AMC Networks Inc. បាននិយាយថា ខ្លួននឹងកាត់បន្ថយ ២០% នៃកម្លាំងការងារនៅសហរដ្ឋអាមេរិកដោយលើកឡើងពីមូលហេតុនៃអសមត្ថភាពរបស់ខ្លួនក្នុងការបង្កើតកម្មវិធីផ្សាយផ្ទាល់ Streaming ព្រោះក្រុមហ៊ុននេះបានខាតបង់ពីសេវាកម្មនេះ។
នៅក្នុងសេចក្ដីជូនដំណឹងទៅកាន់បុគ្គលិក ប្រធានទូរទស្សន៍ CNN លោក គ្រីស លិច (Chris Licht) បាននិយាយថា ប៉ុស្តិ៍ HLN ជាផ្នែកមួយរបស់ទូរទស្សន៍ CNN នោះនឹងឈប់ដំណើរការកម្មវិធីផ្សាយផ្ទាល់ដែលជាផ្នែកមួយនៃការខំប្រឹងកាត់បន្ថយចំណាយរបស់ខ្លួន ខណៈដែលបុគ្គលិកជាច្រើនផ្សេងទៀតក៏ត្រូវបានបញ្ឈប់ពីការងារដែរ។
ចំណែកក្រុមហ៊ុន Gannett Co., ជាអ្នកបោះពុម្ពកាសែតជាច្រើនរួមទាំងកាសែត USA Today ដែរនោះកាលពីថ្ងៃដើមខែធ្នូនេះ បានចាប់ផ្ដើមកាត់បន្ថយបុគ្គលិកជាង ២០០ នាក់ ខណៈកាលពីដើមឆ្នាំបានកាត់បន្ថយ៤០០នាក់រួចទៅហើយ។
ដោយឡែក កាសែត The Washington Post បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា ខ្លួននឹងបញ្ឈប់ការបោះពុម្ពទស្សនាវដ្តី«ថ្ងៃអាទិត្យ» (Sunday) របស់ខ្លួន ដែលបណ្តាលឱ្យបាត់បង់ការងារប្រហែល ១០ កន្លែងផងដែរ។
ក្រសួងការងារអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ទីផ្សារការងារនៅអាមេរិកនៅចង្អៀតជាប្រវត្តិសាស្ត្រនៅឡើយ៕
អត្ថបទ ៖ សុខ ជា