ទន្ទឹមនេះ ក្រសួងការពារជាតិអាមេរិកក៏បានប្រកាសដែរថា មានទាហានអាមេរិកប្រហែល ៨ពាន់៥រយនាក់ ត្រូវបានដាក់ឱ្យស្ថិតក្នុងការត្រៀមលក្ខណៈ រង់ចាំបទបញ្ជាឱ្យដាក់ពង្រាយនៅក្នុងតំបន់ផងដែរ ប្រសិនបើរុស្ស៊ីពិតជាឈ្លានពានអ៊ុយក្រែនមែននោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន កាលពីថ្ងៃចន្ទបានចំណាយពេលជិត ១ម៉ោងកន្លះ ដើម្បីពិភាក្សាអំពីភាពតានតឹងនៅអ៊ុយក្រែន ជាមួយអគ្គលេខាធិការអង្គការណាតូ និងប្រមុខដឹកនាំប្រទេសអឺរ៉ុបធំៗមួយចំនួនតាមប្រព័ន្ធវីដេអូអនឡាញ។
បើតាមសេចក្តីថ្លែងការណ៍នៅក្រោយកិច្ចប្រជុំ របស់សេតវិមានបាននិយាយថា មេដឹកនាំទាំងអស់ បានពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ការត្រៀមរៀបចំទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើរុស្ស៊ីសម្រាប់សកម្មភាពណាមួយ ក៏ដូចជាការត្រៀមលក្ខណៈឆ្លើយតបរបស់ដោយកងទ័ពរបស់អង្គការណាតូផងដែរ។
ជាក់ស្តែង អង្គការណាតូកំពុងមានកងទ័ពប្រមាណ ៤ពាន់នាក់អមមកជាមួយនឹងកងរថក្រោះ និងយន្តចម្បាំង នៅក្នុងប្រទេសជាសមាជិក ក្នុងតំបន់អឺរ៉ុបខាងកើតដែលមានព្រំដែនជាប់ជាមួយអ៊ុយក្រែន។ ទន្ទឹមនេះ អង្គការសម្ព័ន្ធយោធាមួយនេះបានង្ហើបឲ្យដឹងថា ខ្លួនគ្រោងនឹងបង្កើនចំនួនទ័ពឲ្យដល់៥ម៉ឺននាក់ ដោយរួមបញ្ចូលទាំងការចល័តនាវាចម្បាំង យន្តហោះ និងកងរថក្រោះបន្ថែមទៀត។
ដោយឡែក មន្ទីរបញ្ចកោណអាមេរិក បានឲ្យដឹងដែរថា មានកងទ័ពប្រមាណ ៨.៥០០នាក់ត្រូវបានដាក់ឲ្យត្រៀមលក្ខណគ្រប់ពេលវេលាទាំងអស់ ដោយរង់ចាំតែបញ្ជាចុងក្រោយប៉ុណ្ណោះ មុនចល័តចូលទៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើមានការវាយប្រហារណាមួយពីរុស្សី។
សូមជម្រាបថា ការប្រុងជើងការពីក្រុងវ៉ាស៊ីនតោន និងណាតូ ដូចនេះធ្វើឡើងក្រោយពេលដែលរុស្សីបន្តបង្កើនចំនួនទ័ពនៅក្បែរព្រំដែនអ៊ុយក្រែនកាន់តែច្រើនឡើងៗ រហូតត្រូវបានគេជឿថា អាចមានចំនួនលើស ពី១០ម៉ឺននាក់ ដោយឡោមព័ទ្ធអ៊ុយក្រែនពីបីទិស រួមមានពីភាគខាងជើង ខាងកើត និងភាគខាងត្បូង៕