ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាម៉េរិក Chevron គ្រោងលក់រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ផងដែរ នៅត្រីមាសទី១ ឆ្នាំ២០២៦។ ទ្រព្យសកម្មដែលក្រុមហ៊ុន Chevron គ្រោងលក់ចេញរួមមានភាគហ៊ុន៥០% របស់ក្រុមហ៊ុន Chevron នៅក្នុងក្រុមហ៊ុន Singapore Refining Co ដែលជារោងចក្រចម្រាញ់ប្រេងដែលមានសមត្ថភាពអាចចម្រាញ់ប្រេងបាន២៩០.០០០បារ៉ែលក្នុងមួយថ្ងៃ, ស្ថានីយប្រេង Penjuru ដែលមានកន្លែងផ្ទុកប្រេងដល់ទៅជាង៤០០.០០០ម៉ែត្រគូប និងស្ថានីយប្រេងឥន្ធនៈលក់រាយក្រោមម៉ាកយីហោ Caltex ដែលក្នុងនោះមាន២៦ទីតាំង នៅប្រទេសសិង្ហបុរី ៤២០ទីតាំងនៅប្រទេសម៉ាឡេស៊ី និង៥៣ទីតាំងនៅប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងលក់ចេញទ្រព្យសកម្មក្នុងទំហំសរុបជាង១ពាន់លានដុល្លារអាម៉េរិកខាងលើនេះគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Chevron ក្នុងការធ្វើឱ្យប្រតិបត្តិការអាជីវកម្មមានភាពប្រសើរឡើង និងកាត់បន្ថយថ្លៃដើមនៅអាស៊ី។
ប្រសិនបើក្រុមហ៊ុនជប៉ុន Eneos ទទួលបានជោគជ័យក្នុងការចរចាទិញលក់ទ្រព្យសកម្មរបស់ក្រុមហ៊ុន Chevron ក្រុមហ៊ុននេះនឹងមានរោងចក្រចម្រាញ់ប្រេងដំបូងគេរបស់ខ្លួននៅអាស៊ី នៅខាងក្រៅប្រទេសជប៉ុន ដែលធ្វើឱ្យខ្លួនមានលទ្ធភាពចូលមកកាន់ទីផ្សារប្រេងឥន្ធនៈអាស៊ីអាគ្នេយ៍បានកាន់តែងាយស្រួល។ ទន្ទឹមនេះក្រុមហ៊ុន Glencore របស់ប្រទេសស្វីស ក៏កំពុងស្វះស្វែងពង្រីកអាជីវកម្មចម្រាញ់ និងជួញដូរប្រេងរបស់ខ្លួននៅក្នុងតំបន់ផងដែរ៕
ដោយ: តែម សុខុម