ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមយករូបិយប័ណ្ណឌីជីថល $TRUMP ទៅចុះបញ្ជីនៅក្នុងទីផ្សារជួញដូគ្រីបតូជាច្រើនដូចជា Binance, OKX និងក្រុមហ៊ុនCoinbase ជាដើម ដើម្បីបើកផ្លូវ និងកសាងកេរ្តិ៍ឈ្មោះ និងដណ្តើមចំណែកទីផ្សារជួញដូរគ្រីបតូនៅលើទីផ្សារអន្តរជាតិ។ រូបិយប័ណ្ណឌីជីថល $TRUMP គឺជាកាក់ដែលផ្តួចផ្តើមបង្កើតដោយលោក ត្រាំ ផ្ទាល់។ កាក់នេះត្រូវបានលោក ត្រាំ ព្យាយាមបង្កើនប្រជាប្រិយភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងកំពុងស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ។
តាមអ្វីដែលគេបានដឹង លោក ត្រាំ បានផ្តួចផ្តើមគំនិត និងចាប់ផ្តើមគម្រោងប្រកាសដាក់ឲ្យដំណើរការរូបិយប័ណ្ណឌីជីថលនេះតាំងតែពីខែតុលា ឆ្នាំ២០២៤ មកម៉្លេះ ហើយ លោក ក៏បានលើកយកវាមកបង្ហាញនៅក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតដែរ គ្រាន់តែមិនសូវមានអ្នកចាប់អារម្មណ៍នៅពេលនោះ។
ពាក់ព័ន្ធនឹងកាក់ $TRUMP នេះ លោក ឆាណុន ចារ៉ាតស៊ុធីគុល ( Chanon Jaratsuttikul) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Forward Labs នៅក្នុងប្រទេសថៃ បានឲ្យដឹងថា ប្រជាប្រិយភាពរបស់កាក់ $TRUMP នៅក្នុងទីផ្សារគ្រីបតូត្រូវបានជំរុញនិន្នាការនៃការជួញដូរ ស្របតាមទីផ្សារពិភពលោក។
លោក ឆាណុន បានអះអាងថា បច្ចុប្បន្ននេះអ្នកដែលសម្រេចចិត្តវិនិយោគចម្បងលើកាក់ $TRUMP ភាគច្រើនជាក្រុមអ្នកជំនាញក្នុងការជួញដូរឧបករណ៍ជួញដូរ ដែមានហានិភ័យខ្ពស់ប៉ុណ្ណោះ។ យ៉ាងណាមិញលោក រំពឹងថា ជាមួយនឹងការចាប់ផ្តើមនេះ កាក់ $TRUMP នឹងទទួបានការគាំទ្រពីសហគមន៍ ដែលជាផ្នែកមួយ ដែលវានឹងរួមចំណែកដល់ការកសាងប្រជាប្រិយភាពរបស់វា៕
ដោយៈ សរ សុជាតិ