នឹងចូលជាធរមាននៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០នេះ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធជាថ្មីមួយទៀត ដោយសហរដ្ឋអាមេរិក ចំពោះមុខទំនិញថៃជាង ២៣០ មុខនោះ គឺនឹងតម្រូវឲ្យមុខទំនិញថៃទាំងនោះ ត្រូវបង់ពន្ធធម្មតាដើម្បីនាំចូលទៅអាមេរិក មិនមែនមានន័យថា មុខទំនិញទាំងនោះត្រូវបានហាមឃាត់នាំចូលទៅអាមេរិកនោះឡើយ។ នេះបើតាមការអះអាងរបស់លោក ខែរ៉ាតទី រ៉ូឆាន់នូ អគ្គនាយកនៃនាយដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ។
លោក រ៉ូឆាន់នូ បានបន្ថែមទៀតថា ហេតុផលសំខាន់ ដែលមានធ្វើឲ្យមានការផ្អាកនូវប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ គឺដោយសារតែ ភាគីថៃ មានការខ្វះខាតលើការផ្ដល់ឲ្យបានគ្រប់គ្រាន់នូវដំណើរការនៃការចូលទៅកាន់ទីផ្សារអាមេរិកប្រកបដោយសមធម៌ និងសមហេតុផល សម្រាប់ផលិតផលដូចជាសាច់ជ្រូក ដែលមានសារធាតុ រេកថប់ផាមីន (Ractopamine) ជាដើម។
សារធាតុ រេថប់ផាមីននេះ គឺជាសារធាតុបន្ថែមចំណីសត្វ ដែលត្រូវបានប្រើប្រាស់ដើម្បី ឲ្យសត្វមានសាច់ខ្លាញ់តិច ហើយនៅប្រទេសជាច្រើនបានប្រើសារធាតុនេះ សម្រាប់កសិដ្ឋានចិញ្ចឹមសត្វ។ ប៉ុន្ដែ វាត្រូវបានហាមឃាត់នៅក្នុងប្រទេសមួយចំនួនផងដែរ។ ដោយសារតែ មានការខ្វាយខ្វល់ពីបញ្ហាសុវត្ថិភាពនេះ មានប្រហែល ១៦០ ប្រទេស បានហាមឃាត់ និងរឹតបន្ដឹង ចំពោះការប្រើប្រាស់ថ្នាំប្រភេទនេះ ក្នុងការចិញ្ចឹមជ្រូក ដូចជានៅសហភាពអឺរ៉ុប, រុស្ស៊ី និងប្រទេសចិន។
មន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ទៀតថា នៅក្នុងចំណោម ផលិតផលថៃ ២៣១ មុខ ដែលប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ គឺមាន ១៤៧ មុខ នឹងរងផលប៉ះពាល់ពិតប្រាកដ ដោយផលិតផលទាំងនោះ នឹងត្រូវបង់ពន្ធនាំចូលខ្ពស់ជាងមុន ៣% ទៅ ៤% បើគិតតម្លៃជាទឹកប្រាក់គឺមានប្រហែល ៦០០ លានបាត ឬស្មើនឹងប្រមាណជិត២០លានដុល្លារអាមេរិក។
ផលិតផលដែលនឹងត្រូវប៉ះពាល់ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP រួមមាន គ្រឿងបន្លាស់រថយន្ដ ដងវែនតាជ័រ, ផលិតផលគីំមី និងគ្រែពូកជ័រ ឬកៅស៊ូជាដើម។
អគ្គនាយកនៃនាយដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ បានឲ្យដឹងថា ប្រសិនបើ ផលិតផលថៃ ទាំងនេះ រក្សាបាននូវគុណភាព និងប្រជាប្រិយភាពរបស់ខ្លួន នោះបញ្ហាការយកពន្ធនាំចូលនេះ នឹងមិនធ្វើឲ្យរារាំងដល់អ្នកនាំចូលទៅអាមេរិក ក្នុងការបន្ដនាំចូលផលិតផលពីប្រទេសថៃ ទៅអាមេរិកនោះទេ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិក ក៏បានដកភាពអនុគ្រោះពន្ធ GSP នេះលើទំនិញថៃ ជាង ៥៧០មុខ ម្ដងរួចមកហើយ ដោយក្នុងនោះ មានមុខទំនិញជាង ៣១០ មុខបានរងផលប៉ះពាល់ពិតប្រាកដពីការដកអនុគ្រោះពន្ធនេះ។ តាមរយៈការតាមដានកន្លងមក របស់ក្រសួងពាណិជ្ជកម្មថៃ ជុំវិញផលិតផលដែលរងផល៉ះពាល់ពីការដកភាពអនុគ្រោះពន្ធនេះ ឃើញថា ផលិតផលទាំងនេះ នៅតែមាននាំចេញទៅអាមេរិក និងទីផ្សារផ្សេងទៀត ដោយមានការធ្លាក់ចុះ ជារួមត្រឹមតែ ១០% ប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិក ប៉ុន្ដែ គេមិនប្រាកដថា តើការធ្លាក់ចុះនេះ វាបណ្ដាលមកពីឥទ្ធិពលនៃការដក GSP ឬ ក៏មកពីផលប៉ះពាល់នៃកូវីដ-១៩ ឬយ៉ាងណានោះទេ៕