បើតាមអង្គការជួយអ្នកនយោបាយហៅកាត់ថា AAPP ឲ្យដឹងថា គិតត្រឹមដើមសប្តាហ៍នេះ មានមនុស្សសរុបជាង ៨០០នាក់ហើយ ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្ក្រាបរបស់ក្រុមយោធាភូមាទៅលើក្រុមប្រឆាំង។ អង្គការ AAPP បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃថា ចំនួនអ្នកស្លាប់ទំនងជាអាចមានខ្ពស់ជាងអ្វីដែលអង្គការខ្លួនទទួលបានទៅទៀត។
ចំណែកអ្នកត្រូវបានចាប់ខ្លួន និង ឃុំឃាំងសរុបបានកើនដល់ ជាង ៤.១០០នាក់ហើយ ក្នុងនោះមានមនុស្ស១៩ នាក់ ត្រូវរបបសឹកកាត់ទោសប្រហារជីវិត ដោយសារពួកគេបានសម្លាប់ មន្ត្រីប៉ូលីស អំឡុងពេលប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាក្នុងខែមីនា។
សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសបានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យក្រុមយោធាបញ្ឈប់ការវាយប្រហារមកលើជនស៊ីវិល ស្របពេលដែលរដ្ឋាភិបាលស្រមោលបង្រួបបង្រួមជាតិភូមាហៅកាត់ថា NUG បន្តដង្ហើយស្រែកហៅសុំជំនួយពីសហគមន៍អន្តរជាតិ។
ជាក់ស្តែង បន្ថែមពីលើទណ្ឌកម្មសេដ្ឋកិច្ចកន្លងមក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើរបបសឹកយោធាបន្តទៀត តាមរយៈការដាក់បញ្ចូលឈ្មោះមន្ត្រីជាន់ខ្ពស់របបសឹកចំនួន ១៦រូបទៅក្នុងបញ្ជីខ្មៅ។ អ្នកទាំង១៦រូបនេះ ភាគច្រើនមានតួនាទីសំខាន់ៗក្នុងជួររបបសឹកយោធាភូមា ក្នុងនោះ ៤រូបជាសមាជិកក្រុមប្រឹក្សាយោធាគ្រប់គ្រងប្រទេស ៧នាក់ជារដ្ឋមន្ត្រី និងក្រៅពីនោះមានតួនាទីក្នុង គណៈកម្មការរៀបចំការបោះឆ្នោត និង ទេសាភិបាលធនាគារកណ្តាលភូមារួមទាំងកូនៗរបស់ពួកគេផងដែរ។
ទណ្ឌកម្មដែលអាមេរិក ដាក់មកលើបុគ្គលដឹកនាំរបបសឹកភូមាគ្រាក់ៗ ទាំង ១៦នាក់ខាងលើ ជាការហាមឃាត់មិនឱ្យពួកគេទាំងអស់នោះមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដាច់ខាត បូករួមការរឹតត្បិតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និង ពាណិជ្ជកម្មសកល និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលមាននៅទឹកដីអាមេរិកជាដើម។
ស្របពេលដែលអាមេរិកបង្កើនទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីដាក់សម្ពាធឲ្យមេដឹកនាំយោធាភូមាលះបង់ចោលអំណាចនោះ អង្គការសហប្រជាជាតិឯណោះវិញ ក៏ត្រូវបើកកិច្ចប្រជុំកាលពីថ្ងៃអង្គារនេះ ដើម្បីពិភាក្សាលើសេចក្តីព្រាងទណ្ឌកម្មសព្វាវុធ ដើម្បីហាមឃាត់ការលក់ និងបញ្ជូនអាវុធ ទៅឲ្យប្រទេសភូមា ប៉ុន្តែត្រូវបានពន្យាពេលវិញ ដោយមិនបានបញ្ជាក់ថ្ងៃកំណត់ ដោយសារតែ UN មិនមានសម្លេងគាំទ្រគ្រប់គ្រាន់។
សូមបញ្ជាក់ថា ទាំងអង្គការសហប្រជាជាតិ ទាំងប្រទេសលោកខាងលិច និង សូម្បីតែប្រទេសសមាគមអាស៊ាន សុទ្ធតែបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីដោះស្រាយវិបត្តិនៅប្រទេសភូមាដែលបានអូសបន្លាយអស់ពេលជាង៣ខែមកហើយ។ យ៉ាងណាមិញ គេមិនទាន់ឃើញមានដំណោះស្រាយណាមួយ ដែលឈានទៅបន្ធូរបន្ថយភាពតានតឹងនៅភូមាបាននៅឡើយទេ គិតមកដល់ពេលនេះ សូម្បីតែដំណោះស្រាយរបស់អាស៊ានក៏ដោយ៕