យ៉ាងណាមិញ ការបោះឆ្នោតនេះដែរ ក៏ជាភាពជោគជ័យជាលើកដំបូងរបស់សភាអាមេរិក ចាប់តាំងពីគណបក្សសាធារណរដ្ឋ ទើបតែបានឡើងមកគ្រប់គ្រងសម្លេងភាគច្រើន និងប្រើប្រាស់អំណាចបង្ហាញពីឆន្ទៈរបស់សមាជិកសភា ក្នុងការទប់ទល់នឹងឥទ្ធិពលដែលកំពុងតែកើនឡើងរបស់រដ្ឋអំណាចទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
សមាជិកសភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៣៦៥ ទល់នឹង ៦៥សំឡេងជំទាស់ ដើម្បីគាំទ្រសេចក្តីព្រាង ដែលឈានទៅបង្កើតគណៈកម្មាធិការជ្រើសតាំងមួយ សម្រាប់ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងបក្សកុម្មុយនិស្តចិន។ គណៈកម្មាធិការនេះ មានតួនាទីស៊ើបអង្កេតអំពីបញ្ហារវាងប្រទេសទាំងពីរ រួចហើយផ្តល់គោលនយោបាយ ឬការណែនាំពីគោលនយោបាយទៅកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបជាមួយទីក្រុងប៉េកាំង។
ទោះយ៉ាងណា សម្លេងជំទាស់ចំនួន៦៥ សង្កេតឃើញថា សុទ្ធតែបានមកពីគណបក្សប្រជាធិបតេយ្យ ដែលអ្នកខ្លះបាននិយាយថា ពួកគេមានការព្រួយបារម្ភថា ក្រុមគណៈកម្មាធិការ ដែលដឹកនាំដោយបក្សសាធារណរដ្ឋនេះ នឹងមានជំហរប្រកាន់បក្សពួកខ្លាំងពេក។ ប៉ុន្តែក្នុងចំណោមសម្លេងគាំទ្រទាំង ៣៦៥សំឡេង ក៏មានដែលសមាជិកបក្សប្រជាធិបតេយ្យឯទៀតចំនួន ១៤៦ សម្លេង ដែលពួកគេមិនបានបង្ហាញការយល់ឃើញដូចសមាជិក ៦៥នាក់នោះឡើយ។
តំណាងរាស្ត្រមកបក្សប្រជាធិបតេយ្យលោក ជីម មេកហ្គោវិន(Jim McGovern) ដែលមានតួនាទីជាសហប្រធាននៃគណៈកម្មាធិការបាននិយាយថា លោកនៅតែបោះឆ្នោតគាំទ្រឱ្យបង្កើតគណៈកម្មាធិការមួយនេះ បើទោះជាមានការព្រួយបារម្ភថា វាអាចមានការប្រកាន់បក្សពួកជ្រុលពេកក៏ដោយ។
ប្រធានសភាតំណាងរាស្ត្រដែលទើបជាប់ឆ្នោតថ្មីលោក ខេវិន មេកខាតធី(Kevin McCarthy)បានទទូចថា គណៈកម្មាធិការនេះនឹងមិនមានការប្រកាន់បក្សពួកឡើយ។
លោក មេកខាតធី ជឿថា វាជាក្រុមដែលមិនប្រកាន់បក្សពួកដោយសារតែ ការបង្កើតក្រុមនេះឡើង គឺទទួលបបានសម្លេងភាគីច្រើនលើសលប់ ហើយជាសម្លេងដែលបានមកពីគណបក្សធំៗទាំងពីរ។
សូមជម្រាបថា ក្រុមការងារថ្មីនេះមិនត្រឹមតែផ្តល់យោបល់ និងគោលនយោបាយប្រកួតប្រជែងជាមួយចិននោះឡើយ ប៉ុន្ដែ ពួកគេនឹងដោះស្រាយបញ្ហាមួយចំនួនទៀតដូចជា ការដណ្តើមយកទីផ្សារការងារពីប្រទេសចិនមកអាមេរិកវិញ ការធានាកម្មសិទ្ធិបញ្ញា និងការនាំយកខ្សែចង្វាក់ផ្គត់ផ្គង់មកអាមេរិកវិញ ជាដើម។ បន្ថែមពីលើបញ្ហាទាំងនេះ បញ្ហានៃការធ្លាក់ចុះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនជុំវិញឱនភាពពាណិជ្ជកម្ម សម្ពាធរបស់ចិនលើកោះតៃវ៉ាន់ និងតម្លាភាពរបស់ទីក្រុងប៉េកាំងលើការដោះស្រាយជំងឺកូវីដ១៩ ក៏សុទ្ធសឹងជារបៀបវារៈរបស់គណកម្មាធិការនេះយកទៅដោះស្រាយផងដែរ៕