នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីជំនួបទ្វេភាគី នៅសេតវិមានកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) និងប្រធានាធិបតីអាមេរិក ចូ បៃរឌិននិយាយថា គ្រប់ទីកន្លែងក្នុងពិភពលោកនាពេលនេះ ដោយរួមទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផង បាននិងកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន គួរឲ្យព្រួយបារម្ភ និងប្រកបដោយហានិភ័យ។
សេចក្តីថ្លែងការណ៍រួមដដែលបានរៀបរាប់ថា៖ ការចេះចូលរួមជាមួយគ្នា ក្តោបយកឱកាស និងដោះស្រាយបញ្ហាប្រឈមនៃសតវត្សរ៍ទី២១ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអាមេរិក និងសិង្ហបុរី។
មេដឹកនាំកំពូលទាំងពីរក៏បានពិភាក្សាអំពីបញ្ហាជាច្រើនទៀតដូចជា ស្ថានភាពអ៊ុយក្រែន ការចូលរួមរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចការថ្មីៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរជាដើម។
ក្នុងនោះ លោក លី សៀនឡុង បានកត់សម្គាល់ថា សង្គ្រាមនៅអ៊ុយក្រែនពិតជាមានឥទ្ធិពលដល់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកថា ប្រសិនបើមិនមានការគ្រប់គ្រងបានល្អទេនោះ អាចនឹងធ្វើឲ្យជម្លោះរីករាលដាលកាន់តែធំៗឡើង។ ប្រទេសក្នុងតំបន់ដែលធ្លាប់តែចែករំលែកផលប្រយោជន៍ជាមួយប្រទេសជម្លោះ ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈមធ្យោបាយដោះស្រាយដោយសន្តិវិធី។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការរក្សាការសន្ទនារវាងប្រទេសនានា។ ការធ្វើដូច្នេះ នឹងជួយបញ្ចៀសជម្លោះ និងការពារការយល់ខុសពីចេតនារបស់គ្នាទៅវិញទៅមក។
ក្រៅតែពីបញ្ហានៅអ៊ុយក្រែន សំណុំរឿងក្តៅមួយចំនួនទៀត ក៏ត្រូវបានមេដឹកនាំទាំងពីរលើកយកមកជជែកផងដែរ។ ក្នុងនោះរួមមានបញ្ហានៅមីយ៉ាន់ម៉ា និងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ ប្រមុខដឹកនាំសិង្ហបុរី និង អាមេរិក បានជំរុញឱ្យរបបក្រុងព្យុងយ៉ាងបញ្ឈប់ការបាញ់មីស៊ីលរបស់ខ្លួន ហើយត្រលប់ទៅរកតុចរចាលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនវិញ។
ប្រទេសទាំងពីរសម្តែងក្តីបារម្ភទៀតថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង គឺជាការបំពានយ៉ាងច្បាស់ទៅលើការហាមប្រាមរបស់អង្គការសហប្រជាជាតិនិង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។
សូមជម្រាបថា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង កំពុងស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិកសម្រាប់ដំណើរទស្សនកិច្ចការងាររយៈពេលប្រាំពីរថ្ងៃរបស់លោក ដែលវាជាលើកដំបូងហើយ សម្រាប់ប្រមុខដឹកនាំសិង្ហបុរីរូបនេះ ក្នុងបេសសកម្មទៅអាមេរិក ក្រោមអាណត្តិគ្រប់គ្រងរបស់លោក បៃឌិន៕