ក្រុមហ៊ុន Tesla

ក្រសួងការបរទេសអាម៉េរិក ផ្អាកផែនការទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla របស់លោក អេឡិន ម៉ាស់ ក្នុងតម្លៃ៤០០លានដុល្លារ


ក្រសួងការបរទេសអាម៉េរិក បានពិភាក្សាជាមួយនឹងក្រុមហ៊ុន Tesla របស់លោក អេឡិន ម៉ាស់ តាំងពីឆ្នាំមុនមកម្ល៉េះ ដើម្បីទិញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះ ប៉ុន្តែឥឡូវផែនការនេះត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្អាកវិញបន្ទាប់ពីមានការលេចចេញនូវរបាយការណ៍អំពីការទិញដ៏មានសក្តានុពលនេះថា មានចំនួន៤០០លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AP។
ក្រុមហ៊ុន Tesla
ដោយ

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុនរថយន្តអគ្គិសនី ថេស្លា របស់លោក អេឡិន ម៉ាស់ គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានការចាប់អារម្មណ៍ពីរដ្ឋាភិបាលសហព័ន្ធក្នុងការទិញរថយន្តអគ្គិសនីមួយចំនួនសម្រាប់ក្រសួងការបរទេសរបស់អាម៉េរិក កាលពីខែឧសភា ឆ្នាំ២០២៤ នៅពេលលោក ចូ បៃដិន ធ្វើជាប្រធានាធិបតី។

ប៉ុន្តែពេលនេះរដ្ឋបាលក្រោមការដឹកនាំរបស់លោក ត្រាំ ដែលជាមេរបស់លោក ម៉ាស់ នោះបានផ្អាកផែនការទិញរថយន្តអគ្គិសនីនេះវិញ ក្រោយពីមានការលេចលឺនូវព័ត៌មានអំពីការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់៤០០លានដុល្លារ។

ផែនការទិញរថយន្តអគ្គិសនីនេះត្រូវបានគេមើលឃើញថា ជាកិច្ចព្រមព្រៀងដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla សម្រាប់ឆ្នាំនេះ ហើយវាក៏បានបង្ហាញពីរបៀបដែលលោក ម៉ាស់ រកបានប្រាក់ចំណូលតាមការបង់ពន្ធផងដែរ មុនពេលផែនការនេះត្រូវបានផ្អាកទៅវិញ ខណៈក្រុមហ៊ុនរបស់លោកទទួលបានមូលនិធិរាប់រយលានដុល្លារក្នុងមួយឆ្នាំៗក្នុងកិច្ចសន្យាសហព័ន្ធ។

ជាក់ស្ដែងក្រុមហ៊ុន SpaceX របស់លោក ម៉ាស់ បានទទួលប្រាក់ជិត២០ពាន់លានដុល្លារនៅក្នុងមូលនិធិសហព័ន្ធចាប់តាំងពីឆ្នាំ២០០៨ ដើម្បីដឹកជញ្ជូនអវកាសយានិក និងបាញ់បង្ហោះផ្កាយរណបទៅកាន់លំហអវកាស។ ដោយឡែកក្រុមហ៊ុន Tesla ក៏បានទទួលប្រាក់ចំនួនជិត៤២លានដុល្លាររួចហើយពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិករួមទាំងការទូទាត់សម្រាប់ថ្លៃរថយន្តដែលផ្តល់ទៅឱ្យស្ថានទូតអាម៉េរិកមួយចំនួនផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានអះអាងថា ពេលនេះ គ្មានកិច្ចសន្យាណាមួយដែលរដ្ឋាភិបាលបានធ្វើជាមួយនឹងក្រុមហ៊ុនថេស្លា ឬក៏ក្រុមហ៊ុនណាមួយដើម្បីផលិតរថយន្តសម្រាប់ក្រសួងការបរទេសអាម៉េរិកនោះទេ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះបានអះអាងថា ក្រសួងបរទេសអាម៉េរិកទំនងជាបញ្ចូលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW ក្នុងបញ្ជីនៃការទិញរថយន្តជំនួសឱ្យក្រុមហ៊ុនថេស្លា៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


គោលនយោបាយតម្រូវឱ្យធ្វើការតែ៤ថ្ងៃក្នុងមួយសប្ដាហ៍របស់ឥណ្ឌូនេស៊ី បង្កឱ្យផ្ទុះប្រតិកម្មចម្រុះ

កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំក្នុងតំបន់អាស៊ាន បានដាក់ចេញគោលនយោបាយគួរឱ្យភ្ញាក់ផ្អើល ដែលតម្រូវឱ្យធ្វើការតែ៤ថ្ងៃ ក្នុងមួយសប្ដា…

ក្រុមហ៊ុនផ្លូវការ GAC Motor Cambodia ប្រកាសចាត់វិធានការលើអ្នកគ្មានសិទ្ធនាំចូលរថយន្ត GN8

ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណជនអំពីសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ