ការអះអាងរបស់អាមេរិកនេះ គឺធ្វើឡើងនៅក្រោយពេលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានយល់ព្រមបើកភ្លើងខៀវក្នុងការផ្ដល់កម្ចីជិត៣ពាន់លានដុល្លារបន្ថែមដល់ប្រទេសស្រីលង្កា ប៉ុន្តែ ទាមទារឲ្យរដ្ឋាភិបាលប្រទេសនេះត្រូវចរចាជាមួយម្ចាស់បំណុលរបស់ពួកគេដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលជាមុនសិន។
ក្រោយពីបានពុះពារងើបចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានជាង៧ទសវត្សរ៍មកនេះ នៅទីបំផុតប្រទេសស្រីលង្ការ ដែលមានប្រជាជនជាង២២លាននាក់នេះ បានសម្រេចឈានដល់កិច្ចព្រមព្រៀងបឋមកាលពីសប្តាហ៍មុន ជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ប្រាក់កម្ចីប្រហែល២ពាន់៩រយលានដុល្លារ។ ប៉ុន្ដែ កិច្ចព្រមព្រៀងបឋមនេះ គ្រាន់តែជាការបើកផ្លូវសម្រាប់ឲ្យស្រីលង្កាប៉ុណ្ណោះ ហើយដើម្បីទទួលបានកម្ចីនេះ ស្រីលង្កាត្រូវការធ្វើកិច្ចការជាច្រើនទៀត ពិសេសត្រូវបញ្ចុះបញ្ចូលឲ្យប្រទេសម្ចាស់បំណុលយល់ព្រមរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញផងដែរ។
ជុំវិញបញ្ហានេះ លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយនៅក្នុងលិខិតមួយកាលពីថ្ងៃអង្គារ ទី ៦ សីហា ថា «សហរដ្ឋអាមេរិក ក្នុងនាមជាម្ចាស់បំណុលមួយរបស់ស្រីលង្កា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសនេះ»។ ការលើកឡើងរបស់អាមេរិកនេះ គឺធ្វើឡើង បន្ទាប់ពីប្រទេសជប៉ុនដែលជាម្ចាស់បំណុលដ៏ធំរបស់ស្រីលង្កាដែរនោះ កាលពីពេលថ្មីៗនេះ ក៏ទើបតែបានអះអាងថា នឹងជួយបើកកិច្ចពិភាក្សាជាមួយប្រទេសម្ចាស់បំណុលផ្សេងទៀត ដើម្បីស្វែងរកការព្រមព្រៀងឲ្យស្រីលង្ការៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនផងដែរ។
លោកស្រី Yellen បានបន្ថែមថា ដើម្បីគាំទ្រកិច្ចពិភាក្សារបស់ប្រទេសស្រីលង្កាជាមួយអង្គការ IMF នោះ ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងចូលរួមជាមួយភ្នាក់ងារម្ចាស់កម្ចីផ្សេងទៀតរបស់ប្រទេសនេះ គឺធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។
មែនទែនទៅ ភាពចលាចលផ្នែកហិរញ្ញវត្ថុរបស់ប្រទសស្រីលង្កា បានផ្ទុះឡើងចំពេលនៃការរាតត្បាតជំងឺកូវីត១៩ ក្នុងប្រទេស រួមផ្សំនឹងរដ្ឋាភិបាលគ្មានសមត្ថភាពគ្រប់គ្រងវិស័យសេដ្ឋកិច្ច បានបណ្តាលឲ្យប្រទេសដែលពឹងផ្នែកខ្លាំងលើវិស័យទេសចរណ៍មួយនេះ មានការក្ស័យធនផ្នែកសេដ្ឋកិច្ចតែម្តង។
ទន្ទឹមនឹងនេះ ប្រជាជនស្រីលង្កាបាននឹងកំពុងជួបបញ្ហាខ្វះខាតប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាច្រើនខែមកហើយ ដែលកាលពីខែមុនបានធ្វើឲ្យមានការផ្ទុះការតវ៉ាទម្លាក់រដ្ឋាភិបាលដឹកនាំដោយអតីតប្រធានាធិបតី លោក Gotabaya Rajapaksa ដែលអសមត្ថភាពគ្រប់គ្រងស្ថានការ និងបានលាលែងតំណែងនាពេលក្រោយមកទៀតតែម្តង។
ក្នុងនោះដែរ សមាជិកសភាស្រីលង្កាមិនតិចទេ បានប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងក្លា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ដែលត្រូវបានរងគ្រោះដោយអតិផរណាកើនខ្ពស់មិនធ្លាប់មាន ដែលមកទល់នឹងពេលនេះបានកើនដល់៦៥%ហើយ។
បើទោះបីជាពេលនេះ ស្រីលង្កាទទួលបានភ្លើងខៀវពីអាមេរិក និងជប៉ុនក្នុងការឈានទៅរកការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញក្ដី ប៉ុន្ដែ គេសង្កេតឃើញថា ប្រទេសម្ចាស់បំណុលធំៗដទៃទៀតរបស់ប្រទេសនេះ រួមមានដូចជាប្រទេសចិន និងឥណ្ឌា ជាដើមនៅមិនទាន់មានការបញ្ជាក់យល់ព្រមនៅឡើយទេ៕