ទីភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុចិនមួយបានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ពន្ធចិនរបស់ក្រុមហ៊ុន IBM បានបញ្ជាក់ពីផែនការបិទប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួននៅប្រទេសចិន។ ក្រុមហ៊ុនបុត្រសម្ពន្ធ IBM China នឹងកែសម្រួលប្រតិបត្តិការរបស់ខ្លួនដោយផ្អែកលើតម្រូវការ ហើយវិធានការនេះនឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការគាំទ្រអតិថិជននៅប្រទេសចិនឡើយ។
ប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុចិន Caixin បានរាយការណ៍ថា ការបិទប្រតិបត្តិការនេះនឹងធ្វើឱ្យប៉ះពាល់ដល់ផ្នែកសំខាន់ពីរដោយផ្នែកទីមួយគឺជាការបង្កើតកម្មវិធីសូហ្វវែរ ហើយផ្នែកទីពីរគឺជាការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធទាក់ទងនឹងទិន្នន័យ។ ផ្នែកទីពីរនឹងត្រូវផ្លាស់ប្ដូរចេញពីប្រទេសចិនដែលគេរំពឹងថា នឹងប៉ះពាល់ដល់កម្មករនិយោជិតជាង១,៦០០នាក់។
ការផ្លាស់ប្ដូរនេះបានធ្វើឡើងចំពេលអាជ្ញាធរចិន កំពុងរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងការផ្ទេរទិន្នន័យទៅក្រៅប្រទេស ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនស្រាវជ្រាវ R&D របស់អាម៉េរិកជួបការលំបាកកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុនចិនកាន់តែច្រើនកំពុងលុបចោលសេវាកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាម៉េរិក ហើយងាកទៅរកក្រុមហ៊ុនផ្តល់សេវាក្នុងស្រុកជំនួសវិញ។
ចំណែកក្រុមហ៊ុន Microsoft របស់អាម៉េរិកវិញកាលពីខែឧសភា ក៏ត្រូវបានគេរាយការណ៍ដែរថា ក្រុមហ៊ុននេះបានស្នើឱ្យបុគ្គលិកមួយចំនួននៅប្រទេសចិន ពិចារណារើកន្លែងទៅកាន់អាម៉េរិក ឬកន្លែងផ្សេងទៀតជាពិសេសពាក់ព័ន្ធនឹងក្រុមស្រាវជ្រាវ R&D តែម្ដងដែលអាចប៉ះពាល់ដល់បុគ្គលិកប្រហែល៨០០ នាក់៕