ការសម្រេចទុកពេលឱ្យក្រុមហ៊ុនតៃវ៉ាន់ និងកូរ៉េខាងត្បូងក្នុងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិនេះបានធ្វើឡើងបន្ទាប់ពីលោក អាឡេន អេស្តេវ៉េស (Alan Estevez) អនុរដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មទទួលបន្ទុកឧស្សាហកម្ម និងសន្តិសុខអាមរិកបាននិយាយពីលទ្ធភាពនៃការពន្យារពេលការនាំចេញនេះក្នុងអំឡុងពេលព្រឹត្តិការណ៍ឧស្សាហកម្មកាលពីខែមិថុនា។
សូមរំលឹកថា សហរដ្ឋអាមេរិកកាលពីខែតុលាបានដាក់ការរឹតបន្តឹងភ្លាមៗទៅលើការនាំចេញបន្ទះឈីបទំនើបៗ និងឧបករណ៍ផលិតបន្ទះឈីបទៅកាន់ប្រទេសចិន ហើយអាមេរិកក៏បានហាមពលរដ្ឋអាមេរិកមិនឱ្យជួយអភិវឌ្ឍ ឬផលិតបន្ទះឈីបនៅតាមរោងចក្ររបស់ចិនដោយគ្មានការអនុញ្ញាតឡើយ។
ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន SK Hynix របស់កូរ៉េ និងក្រុមហ៊ុន Semiconductor Manufacturing Co. របស់តៃវ៉ាន់ដែលសុទ្ធសឹងតែមានមជ្ឈមណ្ឌលផលិតកម្មធំៗរបស់ពួកគេនៅក្នុងប្រទេសចិននោះបានបញ្ចុះបញ្ចូលឱ្យជំទាស់នឹងវិធានការទប់ស្កាត់នេះដោយអះអាងថាវានឹងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មមួយចំនួន។ ប៉ុន្តែក្រោយមកអាមេរិកក៏បានលើកលែងការរឹតបន្តឹងរយៈពេល១ឆ្នាំដល់ក្រុមហ៊ុនទាំងនេះដែលអនុញ្ញាតឱ្យពួកគេអាចបន្តប្រតិបត្តិការធម្មតានៅមុនពេលអាមេរិកចាប់ផ្ដើមអនុវត្តការរឹតបន្តឹង។
ហើយកាលពីថ្ងៃពុធ ទី២៣ ខែសីហា អាមេរិកក៏បានសម្រេចចិត្តធ្វើការពន្យារការលើកលែងការរឹតបន្តឹងរយៈពេល១ឆ្នាំនោះជាបន្តទៀតខណៈដែលវានឹងត្រូវចូលជាធរមាននៅក្នុងខែតុលាឆ្នាំនេះប៉ុន្តែអាមេរិកមិនបានកំណត់ពីការពន្យារពេលនៃការលើកលែងនេះទេ។
ការពន្យារពេលនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េខាងត្បូង និងតៃវ៉ាន់អាចនាំយកបរិក្ខារផលិត បន្ទះឈីបរបស់អាមេរិក និងការផ្គត់ផ្គង់សំខាន់ៗទៀតទៅកាន់រោងចក្ររបស់ពួកគេនៅក្នុងប្រទេសចិនដែលអនុញ្ញាតឱ្យបន្តផលិតកម្មដោយគ្មានការរំខានអ្វីឡើយ។
ការលក់បន្ទះឈីបជាសកលមានចំនួនសរុបប្រហែល៥៧០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ដែលក្នុងនោះចំនួនទឹកប្រាក់ជិតមួយភាគបីគឺបានមកពីប្រទេសចិនដែលជាមជ្ឈមណ្ឌល ផលិតកម្មដ៏សំខាន់សម្រាប់ទូរស័ព្ទ iPhone និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ ប្រទេសចិនក៏បានវ៉ាដាច់ប្រទេសជប៉ុនក្នុងសមត្ថភាពផលិតបន្ទះសៀគ្វីនៅឆ្នាំ២០២១ដោយក្លាយជាតួអង្គដ៏ធំបំផុតនៅពីក្រោយផលិតកម្មរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង និងតៃវ៉ាន់៕