ការប្រកាសលើកលែងពន្ធនេះ គឺធ្វើឡើងបន្ទាប់ពីមានភាពចម្រូងចម្រាស់មួយចំនួនបានកើតឡើង រវាងក្រុមហ៊ុនផលិតបន្ទះសូឡានៅអាមេរិក និងក្រុមហ៊ុននាំចូលបន្ទះសូឡាចូលទៅអាមេរិក ដោយក្រុមហ៊ុនក្នុងស្រុកអាមេរិកធ្លាប់បានតវ៉ាទៅកាន់រដ្ឋាភិបាលឲ្យមានការបន្ថែមពន្ធគយទៅលើផលិតផលបន្ទះសូឡានាំចូលពីប្រទេសអាស៊ានទាំង៤នេះ ក្រោមហេតុផលថា មានក្រុមហ៊ុនចិនដែលចង់គេចវេះពីទណ្ឌកម្មអាមេរិក បានយកប្រទេសទាំង៤នេះ ជាមូលដ្ឋានដើម្បីបន្លំនាំចូលផលិតផលបន្ទះសូឡាទៅអាមេរិក ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុក។
ប្រទេសអាស៊ីអាគ្នេយ៍ទាំង ៤ រួមមាន ថៃ វៀតណាម កម្ពុជា និងម៉ាឡេស៊ី កន្លងមក បានរងគ្រោះដោយការស៊ើបអង្កេតមួយរបស់អាមេរិក ដោយបានផ្អាកការនាំចេញផ្ទាំងសូឡាទៅកាន់សហរដ្ឋអាមេរិក ដែលវាជាឧបសគ្គមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ការស៊ើបអង្កេតអស់រយៈពេលមួយខែរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនេះបានធ្វើឡើងជុំវិញការសង្ស័យថា បន្ទះស្រូបពន្លឺព្រះអាទិត្យដែលផលិតនៅក្នុងប្រទេសទាំង ៤ នេះ គឺផលិតដោយក្រុមហ៊ុនចិន ដែលគេចវេះពីទណ្ឌកម្មពន្ធគយរបស់អាមេរិក។
ប៉ុន្ដែ នៅចុងក្រោយ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ដលើកលែងពន្ធលើបន្ទះសូឡានាំចូលពីប្រទេសអាស៊ានទាំង៤នេះឡើងវិញសម្រាប់រយៈពេល២ឆ្នាំ ហើយការលើកលែងពន្ធនេះគឺក្នុងបំណងដើម្បីធានាថា សហរដ្ឋអាមេរិកមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការផលិតអគ្គិសនី ខណៈដែលការផលិតក្នុងស្រុកកំពុងកើនឡើង។ នេះបើតាមរបាយការណ៍ការពិតរបស់សេតវិមានដែលបានចេញផ្សាយកាលពីថ្ងៃទី៦មិថុនា។
សេចក្តីប្រកាសនេះត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយបន្ទុកដ៏មានសក្តានុពលដែលនឹងត្រូវដាក់ទៅលើក្រុមប្រទេសនាំចូលនិងនាំចេញរបស់សហរដ្ឋអាមេរិកនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង៤នេះ។
នៅក្នុងឆ្នាំ២០២១ ប្រទេសថៃបានដឹកជញ្ជូនបន្ទះពន្លឺព្រះអាទិត្យក្នុងតម្លៃជាង ១ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកដែលស្មើនឹងអត្រាប្រមាណ៥០% នៃការនាំចេញបន្ទះពន្លឺព្រះអាទិត្យសរុបរបស់ខ្លួន។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតទី១ របស់ប្រទេសថៃជាមួយទំហំទឹកប្រាក់នាំចេញសរុបប្រហែលជិត៣៨ពាន់លានដុល្លារនៅឆ្នាំ២០២១។
ក្រុមហ៊ុនផលិតផ្ទាំងសូឡាចំនួន ២ នៅប្រទេសថៃ និងក្រុមហ៊ុនចិនមួយចំនួនត្រូវបានគេដាក់នៅក្រោមការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាមេរិកដែលគេសង្ស័យថាបានប្រើតំបន់អាស៊ីអាគ្នេយ៍ ដើម្បីផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យដើម្បីងាយស្រួលនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយរួចពន្ធ។
សូមបញ្ជាក់ថា អាមេរិកបាននាំចូលបន្ទះសូឡាពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា ប្រហែល ៨០%នៃបន្ទះសូឡា ដែលរំពឹងថានឹងត្រូវបានដំឡើងនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ នេះបើយោងតាមក្រុមឧស្សាហកម្មថាមពលស្អាតរបស់អាមេរិក៕