សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំកំពូលនេះនឹងឆ្លុះបញ្ចាំងពី ការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកលើបញ្ហាសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនឹងជំងឺរាតត្បាត ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ សន្តិសុខដែនសមុទ្រ ការការពារបរិស្ថាន និងការជំរុញឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។
មន្ត្រីរដ្ឋបាលម្នាក់បានប្រាប់ទីភ្នាក់ងារ Reuters ថាសេតវិមានបានអញ្ជើញប្រទេសកោះប៉ាស៊ីហ្វិកចំនួន ១២ រួមទាំងប្រទេសកោះសូឡូម៉ុន (Solomon) ផងដែរ។ Solomom កាលពីខែមេសាទើបបានសម្រេចកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិនដែលធ្វើឱ្យរដ្ឋការទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភយ៉ាងខ្លាំងពីឥទ្ធិពលដែលកាន់តែរះខ្ពស់ឡើងរបស់ទីក្រុងប៉េកាំង។
ប្រជុំកោះសូឡូម៉ុនដែលងាកចេញពីទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ ដោយបែរមកចាប់ដៃជាទីក្រុងប៉េកាំងវិញកាលពីឆ្នាំ២០១៩នោះ គឺជាចំណុចដ៏សំខាន់មួយក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ជាយុទ្ធសាស្ត្រសំខាន់មួយនេះ។
ក្រៅពីនោះក៏មានដែរ សហព័ន្ធរដ្ឋមីក្រូនេស៊ី ប្រទេសគីរីបាទី ប្រទេសប៉ាពួញូហ្គីណេ ប្រទេសវ៉ានូអាទូ ប្រទេសសាម័រ ប្រទេសតុងហ្គា និងប្រទេសហ្វីជី ប្រទេសកោះម៉ាសល់ ប្រទេសណូរូ ប្រទេសប៉ាលូ និងប្រទេសទូវ៉ាលូ។ គួរបញ្ជាក់ដែរថា ប្រទេសដែនកោះទាំងនេះ សុទ្ធតៃវ៉ាន់បានរាប់បញ្ចូលនៅក្នុងចំណោមសម្ព័ន្ធមិត្តការទូតផ្លូវការទាំង ១៤ ប្រទេសរបស់ខ្លួន។
ទោះយ៉ាងណា សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតថាប្រទេសណាខ្លះបានយល់ព្រមចូលរួមសម្រាប់កិច្ចប្រជុំកំពូលនេះទេ។
សូមជម្រាបថា សហរដ្ឋអាមេរិកបានបង្កើនការចូលរួមជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកក្រោមការដឹកនាំរបស់លោកចូ បៃឌិន ក្នុងនោះលោកបានបញ្ជូនគណៈប្រតិភូនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៅទស្សនកិច្ចប្រទេសកោះទាំងនេះ និងបានប្រកាសផែនការបើកស្ថានទូតនៅប្រទេសកោះសូឡូម៉ុន ប្រទេសគីរីបាទី និងប្រទេសតុងហ្កាផងដែរ៕
អត្ថបទ៖ សុខ ជា