លោកចូ បៃឌិន បានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩យ៉ាងសម្បើមដៃ ហើយវាក៏ជាកិច្ចការអាទិភាពមួយ នៃរដ្ឋបាលរបស់លោកចូបៃឌិន ចាប់តាំងពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីមក។ លោកបៃឌិនបានប្រកាសកាលពីពេលកន្លងទៅនេះថា គោលដៅរបស់លោក គឺធ្វើយ៉ាងណា នៅថ្ងៃទី៤ ខែកក្កដាខាងមុខនេះ អាចឲ្យពលរដ្ឋអាមេរិកជួបជុំគ្នាជាក្រុមតូចៗ ដើម្បីអបអរថ្ងៃឈប់សម្រាកទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួន។
នៅក្នុងផែនការថ្មីរបស់លោក ចូ បៃឌិននេះ នឹងត្រូវចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យប្រមាណ១៦០លាននាក់នៅត្រឹមថ្ងៃទី ៤ ខែកក្កដាខាងមុខនេះហើយ។
ទិន្នន័យការចាក់វ៉ាក់សាំងផ្លូវការនៅអាមេរិកបានឲ្យដឹងថា មានពលរដ្ឋអាមេរិកជាង ១០០លាននាក់ហើយ បានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូស ហើយក្នុងនោះមានជាង ៥៦% ជាមនុស្សពេញវ័យ ខណៈដែលអ្នកបានចាក់វ៉ាក់សាំងចំនួន១ដូស មានជាង ១៤៧លាននាក់។
របាយការណ៍ពីការចាក់វ៉ាក់សាំងដែលសារព័ត៌មាន Bloomberg ចុះផ្សាយថា គិតត្រឹមថ្ងៃទី ៥ ខែឧសភា មានប្រទេសយ៉ាងហោចណាស់ ១៧៥ ប្រទេស ដែលបានចាប់ផ្ដើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សរុបមានដល់ទៅជាង១ពាន់លានដូសហើយ។ ក្នុងនោះ ប្រទេសចិន បានចាក់វ៉ាក់សាំងច្រើនជាងគេ មានដល់ទៅ ២៨០លានដូស ខណៈដែលអាមេរិកមានជិត២៥០លានដូស។ រីឯប្រទេសឥណ្ឌាដែលកំពុងរីករាលដាលឆ្លងកូវីដ-១៩ខ្លាំងក្លាជាងគេនោះ បានចាក់វ៉ាក់សាំងសរុបប្រមាណជាង១៦០លានដូស ខណៈដែលអឺរ៉ុបចាក់បានជាង១៥៥លានដូស៕