លោក Brendan Carr ជាស្នងការគណកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បាននិយាយនៅក្នុងលិខិតមួយថ្ងៃទី ២៤ ខែមិថុនាទៅកាន់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple និង Google ថា កម្មវិធីវីដេអូខ្លី TikTok ដែលជារបស់ប្រទេសចិននេះ បានប្រមូលនូវទិន្នន័យសម្ងាត់ជាច្រើនពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកទៅឱ្យក្រុមហ៊ុនមេByteDance ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង។
លោក Brendan ថែមទាំងបានគូសបញ្ជាក់នៅលើបណ្ដាញសង្គម Twitter របស់លោក កាលពីថ្ងៃអង្គារទី ២៨មិថុនាថា កម្មវិធី TikTok មិនមែនគ្រាន់តែជាកម្មវិធីវីដេអូខ្លីមួយនោះទេ។ ប៉ុន្តែ វាបានប្រមូលទិន្នន័យសម្ងាត់ជាច្រើនដែលរបាយការណ៍ថ្មីបង្ហាញថា កំពុងត្រូវបានចូលមើលនៅទីក្រុងប៉េកាំង។ ដូច្នេះ លោកបានស្នើសុំឱ្យក្រុមហ៊ុននានាដក TikTok ចេញពី App Store និង Play Store នៅត្រឹមថ្ងៃទី ៨ ខែកក្កដា ខណៈប្រសិនបើមានក្រុមហ៊ុនណាមិនព្រមដកចេញទេ ចាំបាច់ត្រូវតែមានមូលហេតុបញ្ចាក់ច្បាស់លាស់ដល់មកកាន់គណៈកម្មការទំនាក់ទំនងសហព័ន្ធ។
ទោះយ៉ាងណា ស្នងការគណៈកម្មការទំនាក់ទំនងសហព័ន្ធ ហាក់មិនមានសិទ្ធគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការបញ្ជាទៅកាន់ ម្ចាស់ក្រុមហ៊ុនដំឡើងកម្មវិធីឱ្យដកកម្មវិធី TikTok ចេញនោះទេ ខណៈគណៈកម្មការនេះ គ្រប់គ្រងតែលំហសន្តិសុខជាតិ ដែលមានតែសិទ្ធិអំណាចក្នុងការផ្តល់អាជ្ញាប័ណ្ណទំនាក់ទំនងដល់ក្រុមហ៊ុនប៉ុណ្ណោះ។
ក្រុមហ៊ុន Google បានបដិសេធការអត្ថាធិប្បាយលើសំបុត្ររបស់ស្នងការ FCC ខណៈដែលក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងរឿងនេះដែរ។
ដោយឡែក អ្នកនាំពាក្យក្រុមហ៊ុនមេរបស់ TikTok បានអះអាងថា ក្រុមបុគ្គលិកអភិវឌ្ឍកម្មវិធីរបស់ក្រុមហ៊ុនដែលមានទីតាំងនៅបរទេស រួមទាំងប្រទេសចិន អាចត្រូវបានផ្តល់សិទ្ធិចូលប្រើទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកតាមតម្រូវការក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
ក្នុងនោះ ដើម្បីដោះស្រាយកង្វល់ទាំងនេះ TikTok បាននិយាយកាលពីដើមខែនេះថា ខ្លួនបានបញ្ជួនព័ត៌មានរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិកទៅរក្សាទុកនៅម៉ាស៊ីនមេរបស់ក្រុមហ៊ុន Oracle Corp ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័ញ៉ា ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ដែលពិនិត្យកិច្ចព្រមព្រៀងសម្រាប់ហានិភ័យសន្តិសុខជាតិមានសក្តានុពលក៏ធ្លាប់បានបញ្ជាឱ្យដកកម្មវិធី TikTok របស់ក្រុមហ៊ុន ByteDance ក្នុងឆ្នាំ ២០២០ ផងដែរ ដោយសារតែបារម្ភថាទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលកុម្មុយនិស្តចិន។