ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា វិស័យកាត់ដេរកម្ពុជា លែងអាចប្រកួតប្រជែងបានហើយ នូវក្នុងការផលិត ផលិតផលដែលមានតម្លៃទាប ហើយវិស័យនេះ ត្រូវតែបោះមួយជំហានទៅមុខទៀត ទៅរកការផលិតដែលតម្លៃបន្ថែមមធ្យម និងខ្ពស់វិញម្ដង។
បច្ចុបប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍវិស័យកាត់ដេរ ក៏ដូចជាជំរុញឲ្យមានភាពប្រកួតប្រជែង នៅក្នុងរយៈពេលវែង ពោលគឺសំដៅធ្វើយ៉ាងណា ជំរុញឲ្យវិស័យនេះ មានតម្លៃបន្ថែមខ្ពស់ផង និងតម្លៃខ្ពស់ផង។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ទីផ្សារនៃវិស័យកាត់ដេរ នៅតែមានធំសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា តួយ៉ាងប្រទេសចិនដែលធ្លាប់គ្រប់គ្រងទីផ្សារសម្លៀកបំពាក់ និងស្បែកជើងជាង៤០% នៅទូទាំងពិភពលោក នឹងត្រូវបោះបង់ទីផ្សាររបស់ខ្លួនចោល១០% នាពេលខាងមុខនេះ ដូច្នេះ បើកម្ពុជាអាចទាញយកទីផ្សារទាំងអស់នេះបាន នោះគឺជារឿងដ៏ល្អប្រសើរបំផុត។ ទោះយ៉ាងណា វៀតណាមត្រូវបាន គេមើលឃើញថា នៅតែជាគូប្រជែងដ៏ធំមួយរបស់ក្នុងកម្ពុជា ក្នុងការនាំចេញផលិតផលកាត់ដេរនេះ ខណៈដែលបង់ក្លាដេស និងភូមា នៅមិនទាន់ជាដៃគូប្រជែងធំនៅឡើយ ដោយសារតែប្រទេសទាំងពីរនេះ មានការផលិតផលិតផលកម្រិតទាបនៅឡើយ។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ដែរថា ដើម្បីលើកស្ទួយឲ្យកម្មករកម្មការីអាចទទួលបានប្រាក់ចំណូលខ្ពស់ និងកំណើនសេដ្ឋកិច្ចបន្តការរីកលូតលាស់កាន់តែខ្លាំងក្លាបាន ចាំបាច់ត្រូវជួយបំពាក់បំប៉ននូវជំនាញបន្ថែមសម្រាប់ពួកគាត់ ដើម្បីជំរុញឲ្យសមត្ថភាពក្នុងការផលិតមានកាន់តែខ្ពស់ដែរ។ នៅក្នុងគោលនយោបាយទំនើបកម្មវិស័យឧស្សាហកម្ម ក៏បាននិងកំពុងគិតគូរ ពីការពង្រឹង និងពង្រីកជំនាញបន្ថែមសម្រាប់កម្មករកម្មការីផងដែរ។
បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ ការអភិវឌ្ឍជំនាញបន្ថែមនៅក្នុងវិស័យកាត់ដេរនេះ គឺមិនសូវជាមានការលំបាកណាស់ណានោះទេ ពោលគឺមានខ្លះជាជំនាញរឹង (Hardskill) និងជំនាញទន់ (Softskill)។ ដូច្នេះ យើងត្រូវបង្កើតឲ្យមានការងារផលិតដែលមានទំនាក់ទំនងគ្នាជាសង្វាក់ តាំងពីការផលិតកំណាត់ ឌីហ្សាញ កាត់ដេរ និងវេចខ្ចប់ជាដើម ពោលគឺ រហូតដល់ផលិតផលសម្រេច និងធ្វើការនាំចេញ ដែលវាមានជាសង្វាក់ផលិតកម្មទាំងមូលតែម្ដង។ ទាំងអស់នេះ ក៏កំពុងស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មកាត់ដេររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងនៅត្រូវអនុវត្តនៅឆ្នាំ២០១៩ខាងមុខ ដោយមានរយៈពេល១០ឆ្នាំ។
សូមជម្រាបដែរថា បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យកាត់ដេរនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅតែរក្សាបានកំណើនប្រមាណ៥% នៃកំណើន GDP ដោយសារតែស្ថានភាពសេដ្ឋកិច្ច ពិភពលោក ជាពិសេសសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាមានភាពប្រសើរជាងការរំពឹងទុក។ ទោះយ៉ាងនេះក្ដី បើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ វិស័យកាត់ដេរ អាចប្រឈមនឹងបញ្ហាដូចជា សម្ពាធថ្លៃដើមផលិតកម្ម ដែលប៉ះពាល់ដល់ភាពប្រកួតប្រជែង កំណើនប្រាក់បៀវត្សរ៍លឿនជាងផលិតភាព ភាពមិនច្បាស់លាសនៃការបញ្ជាទិញ និងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុនពីបណ្ដាប្រទេសផ្សេងទៀត ដែលនាំចេញផលិតផលកាត់ដេរដូចកម្ពុជាដែរ៕