សារព័ត៌មាន Bloomberg បានចុះផ្សាយដូច្នេះ កាលពីថ្មីៗកន្លងទៅនេះ ដោយបានដកស្រង់សម្ដីរដ្ឋមន្ត្រីហិរញ្ញវត្ថុវេណេហ៊្សូអេឡា លោក Simon Zerpa ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ដើម្បីបើកផ្លូវដល់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវេណេហ៊្សូអេឡា លោក Nicolas Maduro នាពេលខាងមុខ។
Bloomberg បានដកស្រង់សម្ដីលោក Simon Zerpa ដែលបានថ្លែងថា ចិនបានយល់ព្រមផ្ដល់កម្ចី ៥ពាន់លានដុល្លារបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលវេណេហ៊្សូអេឡា យកទៅដោះស្រាយវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេស ដែលជំរុញឲ្យមានចលាចលសង្គម ការប៉ុនប៉ងបង្កឃាតកម្ម និងការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុរបស់ប្រទេស។
បើតាមសារព័ត៌មានអាមេរិកមួយនេះ បូកជាមួយគម្រោងកម្ចីថ្មីនេះបន្ថែមទៀត វេណេហ៊្សូអេឡាជំពាក់បំណុលចិនដល់ទៅជាង ៧០ពាន់លានដុល្លារហើយ ហើយប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ បានសន្យាសងត្រឡប់ទៅចិនវិញជាសាច់ប្រាក់សុទ្ធ ប៉ុន្តែ ក៏សន្យាសងត្រឡប់ទៅចិនវិញជាធនធានប្រេង និងរ៉ែមាស ខណៈដែលប្រទេសនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ចិនត្រូវបានសារព័ត៌មានធំៗនៅលើពិភពលោកចោទសួរថា តើប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីរពិភពលោកមួយនេះ កំពុងដាក់អាណានិគមលើបណ្ដាប្រទេសនានាតាមរយៈការផ្ដល់កម្ចីដែលមិនអាចសងត្រឡប់ទៅវិញបាន ឬយ៉ាងណា។
កន្លងមក ករណីមួយបានកើតឡើងទៅលើប្រទេសស្រីលង្កា ដែលត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា បានធ្លាក់ចូលក្នុង«អន្ទាក់បំណុល»របស់ចិន ហើយចុងក្រោយ ចិនបានរឹបអូសយកកំពង់ផែ Hambantota បន្ទាប់ពីស្រីលង្កាពុំមានលទ្ធភាពសងបំណុល ១ពាន់លានដុល្លារទៅចិនវិញនោះ៕