ការិយាល័យស្ថិតិទូទៅវៀតណាម បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម សម្រេចបានកំណើន៦,៩% នៅក្នុងត្រីមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលដែលកាលពីត្រីមាសទី១ វៀតណាមទទួលកំណើនសេដ្ឋកិច្ចត្រឹមតែ៥,៥%ប៉ុណ្ណោះ។ ជាមួយគ្នានេះ វៀតណាមបានរក្សាកំណើនការនាំចេញក្នុងកម្រិត១២,៥% នៅក្នុងត្រីមាសទី២ ដែលត្រូវបានជំរុញដោយការនាំចេញគ្រឿងអេឡិចត្រូនិក និងអាហារសមុទ្រ។
ទិន្នន័យដដែលបានបង្ហាញថា អត្រាស្ថិតិការប្រើប្រាស់ក្នុងស្រុកមានភាពយឺតយ៉ាវបន្តិច ដោយកើនឡើងត្រឹមតែ៥,៧% ក្នុងរយៈពេល៦ខែឆ្នាំនេះ បើធៀបនឹងឆ្នាំមុន តែទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយរបស់ពិភពលោក ហើយគេរំពឹងថា ការកំណត់គោលដៅកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ពី៦ទៅ ៦,៥% នៅឆ្នាំ២០២៤ នេះ អាចនឹងសម្រេចបានតាមការព្យាករ។
លោក ប៉ូឡូ មេដាស ( Paulo Medas) ប្រធានផ្នែកកិច្ចការសារពើពន្ធរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយបន្ទាប់ពីជំនួប ជាមួយនាយករដ្ឋមន្ត្រី និងមេដឹកនាំកំពូលផ្សេងទៀតរបស់វៀតណាមថា ហានិភ័យនៃសេដ្ឋកិច្ចរបស់វៀតណាម បានធ្លាក់ចុះខ្លាំងហួសពីការរំពឹងទុក តែបានព្រមានថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់វៀតណាម អាចធ្លាក់ចុះអាស្រ័យលើកំណើនសេដ្ឋកិច្ចសកលលោក ភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងជម្លោះពាណិជ្ជកម្មផ្ទុះខ្លាំងឡើងវិញ។
ពាក់ព័ន្ទនឹងការនាំចេញរបស់វៀតណាមនេះ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា ហ្វីលីពីនបានប្រកាសកាត់បន្ថយពន្ធលើទំនិញមួយចំនួនរបស់ប្រទេសនេះ ដែលនឹងបើកឱកាសឱ្យវៀតណាមក្នុងការជំរុញការនាំចេញអង្ករទៅប្រទេសនេះកាន់តែច្រើនផងដែរ។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសហ្វីលីពីន បានឲ្យដឹងថា ប្រទេសនេះ គឺជាអ្នកទិញអង្ករដ៏ធំបំផុតរបស់វៀតណាម។ រហូតមកដល់បច្ចុប្បន្ននេះបរិមាណអង្ករវៀតណាមដែលផ្គត់ផ្គង់ទៅហ្វីលីពីន គឺមានចំនួនស្មើនឹងជាង៨០% នៃអង្ករសរុបដែលបាននាំចូលទៅកាន់ទីផ្សារហ្វីលីពីន។ គិតត្រឹមថ្ងៃទី២៣ ខែឧសភា វៀតណាមបាននាំចេញអង្ករនៅក្នុងបរិមាណចំនួនរហូតដល់ជាង១,៤លានតោនទៅកាន់ប្រទេសហ្វីលីពីន៕
ដោយៈ សរ សុជាតិ