គម្រោងអភិវឌ្ឍកសិកម្មសរីរាង្គ សម្រាប់ឆ្នាំ២០២០-២០៣០ នេះ ត្រូវបានចុះហត្ថលេខាអនុម័តដោយអនុរដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung នាពេលថ្មីៗនេះ ហើយរដ្ឋាភិបាលវៀតណាមមានក្ដីសង្ឃឹមខ្ពស់ថា នឹងធ្វើឲ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានផលិតកម្មកសិកម្មសរីរាង្គជឿនលឿន។ នេះបើតាមការរាយការណ៍មួយ ដោយភ្នាក់ងារព័ត៌មានជាតិវៀតណាម VNA។
ប្រភពព័ត៌មានវៀតណាម បានឲ្យដឹងទៀតថា តាមរយៈគម្រោងការនេះ នៅឆ្នាំ២០២៥ ផ្ទៃដីកសិកម្មសរីរាង្គ នឹងឈានដល់ប្រមាណ ១,៥ ទៅ២% នៃផ្ទៃដីកសិកម្មសរុប ផ្ទៃដីនៃកសិដ្ឋានសរីរាង្គនឹងមានជាង ១% នៃផ្ទៃដីដាំដុះសរុបជាមួយនឹងមុខដំណាំសំខាន់ដូចជា ស្រូវ បន្លែផ្លែឈើ តែ ម្រេច កាហ្វេ ស្វាយចន្ទី និងដូង។
រីឯភាគរយនៃការចិញ្ចឹមសត្វបែបសរីរាង្គវិញ រំពឹងថា នឹងមានប្រហែល ១ ទៅ២ ភាគរយនៃការចិញ្ចឹមសត្វក្នុងស្រុកសរុប។ ទន្ទឹមនឹងនេះ វារីវប្បកម្មបែបសរីរាង្គ ក៏នឹងមានប្រមាណ០,៥% ទៅ១,៥% នៃការធ្វើវារីវប្បកម្មសរុបផងដែរ។
គម្រោងនេះ ក៏ផ្ដោតទៅលើការបង្កើនប្រសិទ្ធភាពផលិតកម្មសរីរាង្គ ជាមួយនឹងតម្លៃផលិតផលក្នុងមួយហិកតានៃការដុះដុះសរីរាង្គ និងវារីវប្បកម្មសរីរាង្គ គឺមានខ្ពស់ជាង ប្រមាណ ១,៣ ទៅ១,៥% នៃផផលិតកម្មមិនមែនសរីរាង្គ។
កិច្ចការចម្បងដែលត្រូវបានកំណត់នៅក្រោមគម្រោងអភិវឌ្ឍន៍កសិកម្មសរីរាង្គរយៈពេល ១០ឆ្នាំនេះ គឺដើម្បីអភិវឌ្ឍតំបន់ផលិតកម្មសរីរាង្គ ប្រមូលផ្ដុំ, ធ្វើពិពិធកម្មទម្រង់នៃផលិតកម្មសរីរាង្គ, បង្កើនការប្រើប្រាស់បច្ចេកវិទ្យា, បង្កើតស្ថាប័នបញ្ជាក់វិញ្ញាបនបត្រ និងការប្កើនការកែច្នៃ ការប្រើប្រាស់និងនាំចេញផលិតផលសរីរាង្គ៕