កម្លាំងខ្យល់បក់ខ្លាំងនៅតាមឈូងសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម កំពុងក្លាយជាកន្លែងដ៏ល្អបំផុតមួយនៅក្នុងតំបន់ ដើម្បីផលិតថាមពល ដែលកើតឡើងពីខ្យល់បក់។ បន្ថែមពីលើនេះ ការប្ដេជ្ញាចិត្តរបស់វៀតណាមចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅត្រឹមឆ្នាំ២០៥០ គួបផ្សំនឹងតម្រូវការផលិតថាមពលកើនឡើងជាបន្ទាន់ដែរនោះ បានធ្វើឱ្យវៀតណាមមានភាពទាក់ទាញខ្លាំង លើការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ។
ជាក់ស្តែង ក្រុមហ៊ុន Sumitomo Corp របស់ប្រទេសជប៉ុន បានប្រកាសពីការអភិវឌ្ឍគម្រោងផលិតថាមពលខ្យល់នៅឈូងសមុទ្រវៀតណាមកាលពីខែកញ្ញា បន្ទាប់មកកាលពីខែធ្នូកន្លងទៅថ្មីៗ វៀតណាមបានបង្ហាញគម្រោងសិក្សាលើការអូសបណ្តាញខ្សែកាបបញ្ជូនថាមពលពីតំបន់ឈូងសមុទ្រថែមទៀត។ ក្រុមហ៊ុនជប៉ុនដដែលនេះ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការផលិតថាមពលពីខ្យល់បក់ ដែលមានកម្លាំងពី ៥០០មេហ្គាវ៉ាត់ ទៅ១ជីហ្គាវ៉ាត់ ក្នុងឆ្នាំ២០៣០។
ប្រសិនបើផែនការដំបូងនេះដំណើរការបានជោគជ័យមែននោះ Sumitomo Corp មានបំណងអភិវឌ្ឍគម្រោងដូចគ្នានេះបន្ថែមទៀត រួមទាំងការផលិតថាមពលខ្យល់នៅឈូងសមុទ្រនៅភាគខាងជើងនៃប្រទេសវិញម្តង។
គួរជម្រាបថា ក្រុមហ៊ុន Sumitomo មានបទពិសោធន៍ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញនេះ ពិសេសគឺពាក់ព័ន្ធនឹងកម្លាំងខ្យល់នៅឈូងសមុទ្រ ដែលក្រុមហ៊ុនធ្លាប់បានវិនិយោគនៅតំបន់អឺរ៉ុប ដូចជានៅប្រទេសបែលហ្ស៊ិក និងចក្រភពអង់គ្លេស។
ក្រុមហ៊ុនជប៉ុន ដដែលនេះកំពុងពិចារណាចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកវៀតណាម ដើម្បីជំរុញគម្រោងនានាក្រៅពីគម្រោងមេរបស់ខ្លួនផងដែរ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន Sumitomo មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលកំពុងស្វែងរកទីផ្សារថាមពលខ្យល់នៅឈូងសមុទ្រនៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានដែរក្រុមហ៊ុនអឺរ៉ុបខ្លះទៀត ដែលចាប់អារម្មណ៍ចំពោះការវិនិយោគបែបនេះនៅវៀតណាម។
ជាក់ស្តែង ក្រុមហ៊ុន Renova ដែលឯកទេសខាងថាមពលកកើតឡើងវិញ បានបង្កើតមូលដ្ឋាន នៅប្រទេសវៀតណាមរួចហើយ។ កាលពីខែមេសា ក្រុមហ៊ុននេះបានចុះហត្ថលេខាលើអនុ ស្សរណៈយោគយល់គ្នាសម្រាប់ការអភិវឌ្ឍថាមពលខ្យល់ជាមួយក្រុមហ៊ុនក្នុងស្រុក PetroVietnam Group ដែលជាក្រុមហ៊ុនប្រេងរបស់រដ្ឋដ៏ធំបំផុតនៅវៀតណាម ជាមួយផែនការអភិវឌ្ឍរោងចក្រថាមពលដែលមានកម្លាំង២ជីហ្កាវ៉ាត់នៅនាពេលអនាគត។ ក្រុមហ៊ុននេះក៏កំពុងពិចារណាក្នុងការអភិវឌ្ឍរោងចក្រថាមពលខ្យល់ដែលទួរប៊ីនផលិតថាមពលរបស់វានឹងបណ្ដែត ត្រូវបណ្តែតលើផ្ទៃសមុទ្រ៕