សាព័ត៌មាន Vietnam News បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមកំពុងចាត់វិធានការ ដើម្បីបង្កើនការត្រួតពិនិត្យលើវិស័យធនាគារ និងមូលបត្រ ដើម្បីឆ្លើយតបទៅនឹងរឿងអាស្រូវថ្មីៗ រួមទាំងករណីដែលពាក់ព័ន្ធនឹងធនាគារពាណិជ្ជដែលមានឈ្មោះថា Saigon Joint Stock Commercial Bank ឫ SCB ផងដែរ។
បញ្ហានេះត្រូវបានលើកឡើងនៅរដ្ឋសភា ហើយអ្នកតាក់តែងច្បាប់នៅប្រទេសនេះ ក៏បានអំពាវនាវឱ្យមានការពិនិត្យលើផ្នែកផ្សេងទៀតដូចជាការគ្រប់គ្រងដីធ្លី ការប្រើប្រាស់ធនធាន ទ្រព្យសម្បត្តិរដ្ឋ ការដេញថ្លៃ និងលទ្ធកម្មទ្រព្យសម្បត្តិសាធារណៈ ហិរញ្ញវត្ថុ ទីផ្សារមូលបត្រ ក្រុមហ៊ុនសំណង់ និងបុគ្គលិកអង្គការស្ថាប័នពាក់ព័ន្ធផងដែរ។
រដ្ឋាភិបាលត្រូវបានជំរុញឱ្យកំណត់យ៉ាងឆាប់រហ័ស និងទប់ស្កាត់អំពើពុករលួយ និងសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សាធារណជន និងអាជីវកម្ម ព្រមទាំងចាត់វិធានការតឹងរ៉ឹងដល់ថ្នាក់ដឹកនាំឱ្យទទួលខុសត្រូវចំពោះអំពើពុករលួយ ឬសកម្មភាពអវិជ្ជមាន។
អ្នកជំនាញបានអះអាងថា ការរិតបន្តឹងនេះ គឺក្រោយផ្ទុះករណីរឿងអាស្រូវថ្មីៗពាក់ព័ន្ធនឹងការរំលោភលើមូលបត្របំណុលរបស់ធនាគារ និងសាជីវកម្ម ដូចជានៅក្រុមហ៊ុន Tân Hoàng Minh Group, ក្រុមហ៊ុន Vạn Thịnh Phat Group និង ធនាគារ SCB។ ដោយនៅក្នុងនោះករណីដែលធ្ងន់ធ្ងរបំផុត គឺពាក់ព័ន្ធនឹងការកេងបន្លំទឹកប្រាក់ជាង១២ពាន់លានដុល្លារ ពីធនាគារ SCB ដែលនាំឱ្យមានការចោទប្រកាន់លើលោកស្រី ជុង មីឡាន (Truong Mỹ Lan) ប្រធានក្រុមហ៊ុន Vạn Thịnh Phát Group ពីបទកេងបន្លំ ការរំលោភលើប្រតិបត្តិការធនាគារ និងសំណូក។
ទន្ទឹមនឹងនេះ លោកស្រី ឌូ ធី ញ៉ាន់ (Đỗ Thi Nhàn) ប្រធានគណៈអធិការកិច្ចអន្តរភ្នាក់ងារធនាគារ ក៏ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួនជាង៥លានដុល្លារ ដែលជាចំនួនសំណូកដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមរហូតមកដល់បច្ចុប្បន្ន ដើម្បីលាក់បាំងកំហុសធ្ងន់ធ្ងរនៅធនាគារ SCB។
អ្នកជំនាញបានគូសបញ្ជាក់ពីរឿងអាស្រូវនៅ SCB ដែលជារឿងអាស្រូវដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តធនាគាររបស់វៀតណាម ហើយនៅក្នុងសំណុំរឿងនេះ លោក ឌូ អញ ដុង ( Đỗ Anh Dũng ) ប្រធានក្រុមហ៊ុន Tân Hoàng Minh Group ត្រូវបានចោទប្រកាន់ពីបទកេងបន្លំប្រាក់វៀតណាមរាប់ពាន់លានដុល្លារពីម្ចាស់បំណុលផងដែរ។ គណៈកម្មាធិការដឹកនាំមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងបន្តត្រួតពិនិត្យ និងដឹកនាំការដោះស្រាយអំពើពុករលួយចំនួន ៦៨ករណី និងឧប្បត្តិហេតុចំនួន៤៥ ដែលរកឃើញជាបន្តបន្ទាប់នៅចុងឆ្នាំ២០២៣នេះ៕
ដោយៈ សរ សុជាតិ