លោក លី ហុងហៀប អ្នកជំនាញនៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី បានប្រាប់សារព័ត៌មាន VN Express អន្តរជាតិថា ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងចិន និងអាមេរិកកាន់តែតានតឹងឡើងនៅមួយរយៈចុងក្រោយ ប៉ុន្តែវាគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ ខណៈការប្រកួតប្រជែងនឹងមានកាន់តែខ្លាំងក្នុងឆ្នាំ២០២២នេះ។
លោក លី ហុងហៀ បានកត់សម្គាល់ថា បច្ចុប្បន្នមហាអំណាចទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នាស្ទើរគ្រប់វិស័យទៅហើយ ដោយមិនគិតថា នរណាស្ថិតនៅលំដាប់លេខមួយ ឬលេខពីរនោះទេ គឺធ្វើយ៉ាងណាចិន និងអាមេរិក ត្រូវតែប្រកួតគ្នា ដើម្បីរក្សាឧត្តមភាពជាយុទ្ធសាស្ត្រពិភពលោក។
ដោយផ្អែកទៅលើស្ថានភាពជាក់ស្តែង ទាំងបរិបទខាងក្នុង និងក្រៅប្រទេស ចិននិងអាមេរិក អាចបន្ធូរដៃ និងមានភាពយោគយល់ទៅវិញទៅមកដើម្បីបន្ថយភាពតានតឹងខ្លះ ប៉ុន្តែសម្រាប់រយៈពេលវែង ដៃគូប្រជែងទាំងពីរនេះ នឹងនៅតែជាគូរប្រកួតដ៏ស្វិតស្វាញនឹងគ្នាដដែល។
លោក លី ហៀបហុង បានអះអាងថា វៀតណាមនឹងមានតួនាទីកាន់តែសំខាន់ ដោយសារតែឥទ្ធិពលយុទ្ធសាស្ត្រនយោបាយដែលខ្លួនមានជាមួយមហាអំណាចទាំងពីរ ក្នុងការចរចាលើប្រធានបទផ្សេងៗ។ និយាយឲ្យងាយយល់ ងាយស្តាប់ទៅ គឺថាវៀតណាមហាក់បីដូចជាមានទឹកមាត់ប្រៃទាំងការចរចាដើម្បីផលប្រយោជន៍ ជាមួយនឹងមហាយ្សចិនផង និងទាំងជាមួយមហាយក្សអាមេរិកផង។
ទោះយ៉ាងណា អ្នកជំនាញសឹង្ហបុរីរូបនេះបានព្រមានថា នៅពេលដែលប្រទេសទាំងពីរមានការប្រកួតប្រជែងកាន់តែខ្លាំង ពួកគេអាចបង្កើតជាប្លុកដាច់ដោយឡែក ដែលអាចរារាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងនាំឱ្យមានការបែកបាក់សេដ្ឋកិច្ច ប៉ះពាល់វិស័យបច្ចេកវិទ្យាសកល ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ការរឹតបន្តឹងលើលំហូរពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យាឆ្លងកាត់ព្រំដែន ដែលរារាំងដល់កំណើនសេដ្ឋកិច្ច ដូចជាវៀតណាមជាដើម។អ្នកជំនាញមួយរូបទៀត គឺលោក John West (ចន វេស) នាយកប្រតិបត្តិវិទ្យាស្ថានសតវត្សអាស៊ី (ACI) ក៏បាននិយាយដែរថា វៀតណាមកំពុងជួបការលំបាកអំឡុងការប្រកួតប្រជែងនៃមហាអំណាចទាំងពីរ គឺចិន និងអាមេរិក។ លំបាកគឺនៅត្រង់ថា វៀតណាមត្រូវធ្វើយ៉ាងណារក្សាទំនាក់ទំនងនយោបាយល្អជាមួយអាមេរិកផង ហើយក៏រក្សាឲ្យបានល្អផងដែរនូវចំណងសេដ្ឋកិច្ចជាមួយចិន ដែលជាដៃគូរពាណិជ្ជកម្មមួយដ៏ធំរបស់ខ្លួន និងព្យាយាមរក្សាជំហរឲ្យនៅឯករាជ្យផង។
បើតាមអ្នកជំនាញទាំងពីររូបនេះ លោក ចន វេស និង លោក លី ហុងហៀប សុទ្ធតែបានអះអាងថាស្ថិតក្នុងស្ថានការណ៍បែបនេះ វៀតណាមត្រូវគិតគូរឲ្យបានហ្មតចត់បំផុត មុននឹងធ្វើការសម្រេចចិត្តលើបញ្ហាអ្វីមួយ ហើយវាជាការលំបាកបំផុតមួយសម្រាប់រដ្ឋបាលក្រុងហាណូយនៅក្នុងឆ្នាំ២០២២នេះ។
ជុំវិញទៅនឹងទំនាក់ទំនងវៀតណាម និង ចិនវិញ នៅមួយរយៈចុងក្រោយនេះជាប់គាំងនៅតាមច្រកព្រំដែនមួយចំនួន ហើយថ្មីៗនេះខាងភាគីវៀតណាមក៏កំពុងជំរុញឲ្យភាគីចិន បើកច្រកព្រំដែនដើម្បីឲ្យឡានកុងតឺន័ររាប់ពាន់គ្រឿងដែលកំពុងជាប់គាំងនៅព្រំដែនវៀតណាម-ចិន ធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយកកស្ទះអស់ពេលរាប់ខែមកហើយ។ ការបិទខ្ទប់ព្រំដែននេះ គឺជាចំណាត់ការរបស់ភាគីចិនដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ក្រោមវិធានការណ៍គ្មានកូវីដ ឬ Zero COVIDរបស់រដ្ឋាភិបាលក្រុងប៉េកាំង៕