សង្គ្រាមពាណិជ្ជកម្ម

ក្រុមអ្នកវិភាគ៖ វៀតណាម គឺជាអ្នកឈ្នះធំ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក-ចិន


ក្រុមអ្នកជំនាញជាច្រើន សុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នាថា ប្រទេសវៀតណាម ត្រូវបានប្រៀបប្រដូចទៅនឹង អ្នកឈ្នះទៅហើយ នៅក្នុងសង្គ្រាមពាណិជ្ជកម្មសកល ដោយសារតែ វៀតណាម ទទួលបានផលប្រយោជន៍ច្រើនបំផុត និងរងប៉ះពាល់តិចតួចប៉ុណ្ណោះ។ អ្វីដែលជារឿងពិសេស សម្រាប់វៀតណាមនោះ គឺការផ្លាស់ប្តូរ សង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក មកកាន់ ប្រទេសវៀតណាម ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញផលិតកម្មស្រាប់ សម្រាប់ទទួលការវិនិយោគដ៏ច្រើនលើសលប់។
សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក (https://www8.gsb.columbia.edu/)
ដោយ

ក្រុមសេដ្ឋវិទូ មកពី ក្រុមហ៊ុន​សិង្ហបុរី Nomura Holdings បានពន្យល់​ឲ្យដឹងថា ដោយសារតែ​ការបង្វែរ​ទិសដៅពាណិជ្ជកម្ម នៅលើ​សកលលោក ប្រទេស​វៀតណាម ទទួលបាន​ការកម្ម៉ង់​ទិញទៅលើ មុខទំនិញ​ដែលជាប់ពន្ធ ស្មើនឹង ៨ភាគរយនៃ ផលិតផល​ក្នុងស្រុក​សរុប​ទៅហើយ គិតត្រឹមត្រី​មាសទី ១ ឆ្នាំ​ ២០១៩នេះ។

រីឯ តៃវ៉ាន់ ក្លាយជា​អ្នកឈ្នះទី ២ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្មនេះ ដោយទទួល​បាន​ប្រហែល ២ភាគរយ នៃផលិតផល​ក្នុងស្រុកសរុប ​របស់ខ្លួនផងដែរ។

ទាំងអាមេរិក និងចិន សុទ្ធតែបាន​កម្ម៉ង់ទិញ ទំនិញ​ច្រើនជាង​ពាក់កណ្តាល នៃទំនិញ​ជាប់ពន្ធ​ដោយសារ​ជម្លោះទាំង ១,៩ពាន់​មុខ ដូច្នោះហើយ ទើបមានការបង្វែរ​ទិស​ពាណិជ្ជកម្ម ដែលកំណត់​អ្នកឈ្នះ និងអ្នកចាញ់ នៅក្នុង​សង្វាក់ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោកនេះ។

លោក ផាម ហុង ហៃ អគ្គនាយក​នៃក្រុមហ៊ុន HSBC វៀតណាម ក៏បានឲ្យ​ដឹងដែរថា អំឡុងពេលនេះ សង្វាក់​ផលិតកម្ម​សកលលោក កំពុងតែ​ផ្លាស់ប្តូរ មកកាន់​តំបន់អាស៊ី​អាគ្នេយ៍ ជាពិសេសគឺ វៀតណាម ក៏ដោយសារតែ សម្ពាធ​ពីសង្គ្រាម​ពាណិជ្ជកម្ម និងការកើន​ឡើង​ថ្លៃផលិតកម្ម ​ដែលប៉ះពាល់​ដល់ទីផ្សារ។

លោកបន្តថា វៀតណាម គឺមាន​ហេដ្ឋារចនា​សម្ព័ន្ធ និងបណ្តាញ​ផលិតកម្ម ក្នុងដៃស្រាប់ តែមាន​ការងារ​ជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីចាប់​យកការផ្លាស់ប្តូរ​ដ៏ធំសម្បើមនេះ។

តួយ៉ាង អាជីវកម្មជាច្រើន ដែលចង់​ចូល​មកវៀតណាម ត្រូវចោទជា​សំណួរជា​ច្រើន ចំពោះចំនួន​កម្មករ​ក្នុងស្រុក ដែលនៅទំនេរ ជាពិសេសគឺ កម្មករជំនាញ ហើយត្រូវ​ពិចារណាថា គួរសាងសង់​អគារថ្មី ឬចាប់​ដៃគូជាមួយ ក្រុមហ៊ុន​ក្នុងស្រុក​ដែលមានស្រាប់។

របាយការណ៍​ពីក្រុមហ៊ុន HSBC ដដែល បានបញ្ជាក់​ឲ្យដឹងថា ក្រុមហ៊ុនផលិត​កង់ឡាន Guizhou គ្រោងនឹងបន្ថែម​ទុនវិនិយោគ​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក បង្កើតរោងចក្រ​ផលិត​កង់ឡាន នៅក្នុងប្រទេស​វៀតណាម ហើយក្រុមហ៊ុន Samsung ក៏កំពុង​តែប្តូរ ផលិតកម្ម​គ្រឿងអេឡិចត្រូនិក មកកាន់ វៀតណាម ផងដែរ​ និង​តម្លើងទូរស័ព្ទ ស្ទើរតែពាក់កណ្តាល​នៃផលិតកម្ម​សរុបទៅហើយ នៅក្នុង​ប្រទេសនេះ។

បើយើងក្រឡេក​ទៅមើល ការវិនិយោគ​ដោយផ្ទាល់​ពីបរទេស​របស់ ប្រទេសវៀតណាម វិញ គិតត្រឹម ៥ខែដំបូង ដើមឆ្នាំ ២០១៩នេះ បានកើនឡើងដល់ ១៦ពាន់លាន​ដុល្លារ​អាមេរិក កើនឡើង ៧០ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។​ នេះបើយោងតាម ក្រសួងផែនការ ​និងវិនិយោគ​វៀតណាម។

នៅក្នុងនោះ វិស័យឧស្សាហកម្ម​ផលិត ស្មើនឹង ៧២​ភាគរយនៃ ការវិនិយោគ​ដោយផ្ទាល់​ពីបរទេស ដែលបានចុះ​បញ្ជីរួចរាល់ ខណៈដែល វិស័យអចលនទ្រព្យ​ស្មើនឹង ៨ភាគរយ។

លើសពីនេះទៅទៀត ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ ២០១៩ ការនាំចេញ​ពី វៀតណាម ទៅកាន់​សហរដ្ឋអាមេរិក មានជាង ២២ពាន់លាន​ដុល្លារអាមេរិក ដែលមានការ​កើនឡើង ២៨ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន រីឯ ការនាំចេញ​ទៅចិន មានជាង ១៣ពាន់​លានដុល្លារ​អាមេរិក ដែលថយ​ចុះប្រមាណ ២ភាគរយតែប៉ុណ្ណោះ។ នេះបើយោងតាម ការិយាល័យ​ស្ថិតិទូទៅវៀតណាម។

ប្រទេសវៀតណាម បានក្លាយជា​ប្រទេសនាំ​ចេញធំ លំដាប់ទី ១២ របស់​សហរដ្ឋអាមេរិក ដែលលេចធ្លោ​ជាងគេក្នុង​តំបន់ ដោយបាន វ៉ាដាច់ ប្រទេស​អ៊ីតាលី បារំាង អង់គ្លេស និងឥណ្ឌាជាដើម បើទោះបីជា បណ្តាប្រទេស​ជាច្រើន កំពុង​រងគ្រោះដោយសារតែ សង្គ្រាម​ពាណិជ្ជកម្ម ក៏ដោយ។

យោងតាមរ​បាយការណ៍ពី ក្រុមហ៊ុនមូលបត្រ MB Securities បានបង្ហាញ​ឲ្យដឹងថា ប្រទេសវៀតណាម ទទួលឥទ្ធិពល​អវិជ្ជមាន​តិចជាងគេ ក្នុងចំណោម​បណ្តាប្រទេស​ក្នុងតំបន់​អាស៊ាន​ ដោយសារតែ ការផ្គត់ផ្គង់​វត្ថុធាតុដើម​របស់វៀតណាម សម្រាប់​ប្រទេសចិន នាំចេញ​ទៅអាមេរិក ដែលទទួល​រងការដាក់​គំនាបពន្ធពី អាមេរិកនោះ គឺមានត្រឹមតែ ២ភាគរយ​ប៉ុណ្ណោះ នៃការនាំចេញ​សរុប​របស់វៀតណាម។

ក្នុងឆ្នាំ ២០១៨ ប្រទេសវៀតណាម នាំចេញ​ទំនិញតម្លៃជាង ៩០ពាន់​លានដុល្លារ​អាមេរិក ទៅកាន់​ប្រទេស​អាមេរិក និង ចិន ដែលស្មើនឹង ៣៧ភាគរយ​នៃការនាំចេញ​សរុបរបស់​វៀតណាម។

ដោយឡែក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានប្រកាសថា នឹងតាម​ដានមើល បញ្ហា​សង្គ្រាម​ពាណិជ្ជកម្មនេះ ឲ្យបានដិតដល់​ជានិច្ច ដើម្បីរៀបចំ​ផែនការ​ឲ្យបាន​ច្បាស់លាស់ និងគោល​នយោបាយឲ្យបាន​ត្រឹមត្រូវ ក្នុងការគាំទ្រដល់ អាជីវកម្ម​នាំចេញ។

ក្រសួង បានលើកទឹកចិត្តឲ្យ សហគ្រាស​ទាំងឡាយ ជំរុញការនាំចេញ ដែលមាន​អត្ថប្រយោជន៍ ហើយក្នុង​ពេលជាមួយគ្នា​នេះដែរ ក្រសួងនឹង​គ្រប់គ្រង​ការនាំចេញ និងនាំចូល​ពីព្រំដែន ឲ្យបាន​តឹងរ៉ឹង ចៀសវាង​ការក្លែងបន្លំ​ប្រភព​ដើមនៃទំនិញ។

ទោះបីជាយ៉ាងណាក៏ដោយ សង្គ្រាមពាណិជ្ជកម្មនេះ បានបើកឱកាស​ឲ្យ វៀតណាម ក្លាយជា ប្រទេសនាំចេញ ជំនួសចិន បានមួយផ្នែកធំ ហើយបាន​បើកចំហរទីផ្សារ និង​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ថែមទៀតផង ដែលធ្វើឲ្យ វៀតណាម ក្លាយជា​គោលដៅដ៏ល្អ សម្រាប់​ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត និងនាំចេញ។

បើសិនជា វៀតណាម អាចចាប់យក​ឱកាសពី សង្គ្រាមពាណិជ្ជកម្ម បានល្អ វៀតណាម​អាចនឹងក្លាយទៅជា រោងចក្រ​នៃ​ពិភពលោក ដោយសារតែ​ផលប៉ះពាល់​ពីសង្គ្រាម គឺមានរយៈពេលខ្លី រីឯ​ផលប្រយោជន៍ពី ក្រុមហ៊ុន​ឧស្សាហកម្ម​ផលិត ដែលបានចូល​មក​វៀតណាមវិញ គឺមានរយៈពេលវែង៕

None



អត្ថបទបន្ទាប់


កម្មវិធី​“ទិញ​ផ្ទះ​ឈ្នះ​ខុនដូ” និង​ការ​បញ្ចុះ​តម្លៃ​ ៦% របស់ បុរី ប៉េង ហួត បន្ត​​ដល់​​ដាច់​ខែ​មិថុនា

ដើម្បីថ្លែងអំណរគុណ ក៏ដូចជាឆ្លើយតបចំពោះសំណូមពរយ៉ាងច្រើនពីអតិថិជនដែលតែងតែគាំទ្រ បុរី ប៉េង ហួត យើងខ្ញុំសូមបន្តផ្តល់ជូននូវ ប្រម៉ូសិនដ៏សម្ប…

ក្ដីក្ដាំជុំវិញការវិនិយោគ «ទីក្រុងរណប កាំកូ ស៊ីធី» នៅមិនទាន់បញ្ចប់នៅឡើយ ខណៈប្រជាជនកូរ៉េជិត ៤ម៉ឺននាក់ទាមទារសំណង

ទីក្រុងរណប កាំកូ ស៊ីធី ដែលបានផ្អាកការអភិវឌ្ឍមកជិត១០ ឆ្នាំមកហើយ ដោយសារតែមានបញ្ហាផ្ទៃក្នុងទាក់ទងនឹងហិរញ្ញវត្ថុ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ