មានវិនិយោគិនវៀតណាមប្រមាណ៦៨% បានចាត់ទុកមាសគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ពួកគេ។ នេះបើតាមការសិក្សាលើវិនិយោគិន២ពាន់នាក់កាលពីខែមីនារបស់ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក។ តាមការសិក្សាដដែលនេះ បានឲ្យដឹងទៀតថា ប្រជាជនវៀតណាមមានការឲ្យតម្លៃទៅលើមាសខ្លាំងជាងទ្រព្យផ្សេងទៀត ដោយមានដល់ទៅ ៨១% នៃអ្នកដែលបានស្ទង់មតិបាននិយាយថា ពួកគេបានទិញកាលពីមុន ហើយកំពុងពិចារណាទិញថែមទៀត ពោលគឺមានដល់ទៅជិតទ្វេដងបើធៀបនឹងមធ្យមភាគនៃអ្នកដែលចង់ទិញមាសបន្ថែមនៅទូទាំងសកលលោក។ ទន្ទឺមនឹងនេះ ក៏មានប្រមាណ៧៦% បាននិយាយថាពួកគេគាំទ្រក្នុងការបើកគណនីវិនិយោគជួញដូរមាស នៅធនាគារឬទីផ្សារជួញដូរមាសស្របច្បាប់ ខណៈដែលបច្ចុប្បន្ននៅវៀតណាមការទិញលក់មាសគឺច្រើនធ្វើឡើងតែនៅតាមហាក់លក់មាសធម្មតាប៉ុណ្ណោះ។
នាយកទទួលបន្ទុកក្រុមប្រឹក្សាមាសពិភពលោកប្រចាំតំបន់អាស៊ានបាននិយាយថា តាមការស្រាវជ្រាវបង្ហាញថាតម្រូវការមាសនៅក្នុងប្រទេសវៀតណាមគឺកើនឡើងខ្លាំង ហើយមានការគាំទ្រឲ្យបង្កើតនូវផលិតផលវិនិយោគថ្មីៗ ដូចជាការបង្កើត Planform សម្រាប់ការទិញមាសតាមប្រព័ន្ធឌីជីថល ឬ បើគណនីវិនិយោគមាសជាដើម៕