តាមប្រភពព័ត៌មាន VN Express បានឲ្យដឹងទៀតថា ក្រុមហ៊ុនដែលគ្រប់គ្រងសួនសត្វដ៏ធំជាងគេបំផុតនៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាមមួយនេះ បានធ្លាក់ចុះប្រាក់ចំណូលនៅក្នុងពាក់កណ្ដាលឆ្នាំ២០២០នេះ ធៀបនឹងពាក់កណ្ដាលឆ្នាំមុនមកនៅត្រឹម១,២លានដុល្លារអាមេរិកប៉ុណ្ណោះ។
សួនសត្វដែលមានអាយុកាល ១៥៦ ឆ្នាំមួយនេះ បានបិទទ្វារអស់រយៈពេល២ខែ តាំងពីថ្ងៃទី ២០ ខែមីនាមក ដោយសារតែមានវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ពីសំណាក់រដ្ឋាភិបាល។
សួនសត្វមួយនេះ គឺជាក្រុមហ៊ុនដែលខាតធំបំផុតទី៣ ក្នុងចំណោមក្រុមហ៊ុនកាន់កាប់ដោយរដ្ឋវៀតណាមទាំង៧ ដែលមានខាតបង់ច្រើនបំផុតនៅក្នុងទីក្រុង។ លើសពីនេះទៀត ក្រុមហ៊ុនសួនសត្វនេះ ក៏មានជំពាក់បំណុលប្រហែលជាង៧៧ម៉ឺនដុល្លារអាមេរិកផងដែរ ភាគច្រើនគឺជំពាក់ប្រាក់ខែបុគ្គលិក។ ជាមួយគ្នានេះដែរ មានបុគ្គលិកក្រុមហ៊ុននេះ ២៧០ នាក់ ក៏បានយល់ព្រមឲ្យមានការកាត់ប្រាក់ខែ៣០%ក្នុងមួយខែផងដែរ។
ថ្មីៗនេះដែរ សួនសត្វនេះ ក៏បានអំពាវនាវឲ្យសាធារណជនជួយឧបត្ថម្ភ ដើម្បីជួយថែរក្សាសត្វនៅក្នុងសួនសត្វនេះ ដែលមានប្រមាណ ១.៥០០ ក្បាល ដោយសត្វទាំងនោះ ក្នុងមួយថ្ងៃៗត្រូវការចំណីជិត៥តោន ដូចជាសាច់ បន្លែ ផ្លែឈើ និងស្លឹកឈើជាដើម៕