យោងតាមសារព័ត៌មានអេឡិចត្រូនិក VietnamNet ឆ្នាំ២០១៦ វៀតណាមនាំបន្លែផ្លែឈើចេញទៅក្រៅប្រទេស ក្នុងទឹកប្រាក់សរុប ២ពាន់ ៤០០លានដុល្លារអាមេរិក កើនលើសឆ្នាំ២០១៥ ប្រមាណ ៣០%។
ហើយការនាំចេញបន្លែផ្លែឈើនេះ ត្រូវគេរំពឹងថា នឹងកើនឡើងដល់ទឹកប្រាក់ ៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧នេះ។
ឆ្នាំ២០១៦ ការនាំចេញបន្លែផ្លែឈើរបស់វៀតណាម មានចំនួនទឹកប្រាក់ច្រើនជាងតម្លៃនាំចេញស្រូវរបស់ប្រទេសនេះទៅទៀត។ បន្លែផ្លែឈើវៀតណាមនាំចេញទៅកាន់ ៦០ប្រទេសនិងដែនដី ក្នុងនោះរាប់ទាំងកម្ពុជាផង ដែលជាប្រទេសនាំចូលបន្លែពីវៀតណាមដ៏សន្ធឹកសន្ធាប់។
គួរអានផងដែរ!៖ កម្ពុជាមានតម្រូវការបន្លែមួយឆ្នាំៗ ប្រហែល១លានតោន ហើយភាគច្រើននាំចូលពីវៀតណាមនិងថៃ។
ទន្ទឹមនឹងនាំចេញ វៀតណាមក៏នាំចូលបន្លែផ្លែឈើពីថៃនិងចិនដែរ
សារព័ត៌មានវៀតណាម ផ្សាយថា ក្នុងរយៈពេលពីរខែឆ្នាំ២០១៧ វៀតណាមនាំចូលបន្លែផ្លែឈើក្នុងតម្លៃទឹកប្រាក់ ១៦៤លានដុល្លារអាមេរិក ដែលភាគច្រើននាំចូលមកពីប្រទេសថៃ និងប្រទេសចិន។
តួលេខអគ្គនាយកដ្ឋានគយរបស់វៀតណាម បង្ហាញថា ទឹកប្រាក់នាំចូលបន្លែផ្លែឈើពីក្រៅប្រទេសសម្រាប់រយៈពេលពីរខែ គឺខែមករា និងកុម្ភៈ កើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ ជាមធ្យម ប្រជាជនវៀតណាមចំណាយប្រាក់ជិត ២លាន៨សែនដុល្លារអាមេរិក ក្នុងមួយថ្ងៃ ទៅលើបន្លែផ្លែឈើនាំចូល។
ប្រទេសថៃជាប្រភពធំជាងគេបំផុត ដែលវៀតណាមនាំបន្លែផ្លែឈើចូលមក ហើយបន្លែផ្លែឈើមកពីប្រទេសចិន ឈរនៅលំដាប់លេខពីរ។ ក្រៅពីនេះ វៀតណាមក៏នាំចូលបន្លែផ្លែឈើពីសហរដ្ឋអាមេរិក និងមីយ៉ាន់ម៉ាខ្លះដែរ។
តើហេតុអ្វីប្រជាជនវៀតណាមងាកមកទទួលទានបន្លែផ្លែឈើពីប្រទេសថៃនិងចិន?
យោងតាមអ្នកជំនាញកសិកម្មរបស់ប្រទេសវៀតណាម មូលហេតុចម្បងពីរដែលជនជាតិវៀតណាមចូលចិត្តបន្លែផ្លែឈើមកពីប្រទេសថៃ និងចិន។ ទីមួយ គឺភាពខុសគ្នានៃរសជាតិ និងទីពីរ គឺគុណភាព។
គួររំឭកដែរថា ប៉ុន្មានឆ្នាំមុន បន្លែផ្លែឈើវៀតណាមនាំចេញទៅទីផ្សារអឺរ៉ុបត្រូវបានគេរកឃើញថា ផ្ទុកសារធាតុគីមីក្នុងកម្រិតដែលអាចធ្វើឲ្យប៉ះពាល់សុខភាព។ ហើយសហភាពអឺរ៉ុបបានដាក់បំរាមមួយរយៈលើការនាំចូលបន្លែផ្លែឈើពីវៀតណាម។
កត្តានេះអាចជាមូលហេតុមួយ ដែលនាំឲ្យពលរដ្ឋវៀតណាមខ្លួនឯង លែងសូវជឿទុកចិត្តលើគុណភាពនៃបន្លែផ្លែឈើរបស់ប្រទេសខ្លួន ហើយអ្នកដែលមានលទ្ធភាព ក៏នាំគ្នាងាកទៅប្រើផលិតផលបន្លែផ្លែឈើនាំចូលពីថៃ និងចិនវិញ។
នៅកម្ពុជា ប្រជាជនក៏ខ្វល់ខ្វាយរឿងបន្លែផ្លែឈើនាំចូលពីប្រទេសជិតខាងដែរ !
កន្លងមក មានសេចក្ដីរាយការណ៍ជាច្រើននៃការនាំចូលផលិតផលចំណីអាហារ ដែលខូចគុណភាព និងដែលផ្ទុកសារធាតុគីមីអាចប៉ះពាល់ដល់សុខភាព ពីប្រទេសវៀតណាម និងថៃ។ ក្នុងនោះ បន្លែផ្លែឈើនាំចូល ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរសង្ស័យថា អាចនឹងមានសារធាតុគីមីប៉ះពាល់សុខភាពដែរ។
កន្លងមក ប្រជាពលរដ្ឋខ្មែរទាមទារឲ្យអាជ្ញាធររឹតបន្តឹងការត្រួតពិនិត្យគុណភាពនៃទំនិញនាំចូល ជាពិសេស ចំណីអាហារ និងបន្លែផ្លែឈើ ប៉ុន្តែ ហាក់មិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីអាជ្ញាធរនៅឡើយ៕