លោក ង្វៀន ឈី ដួង រដ្ឋមន្រ្តីនៃក្រសួងផែនការ និងវិនិយោគវៀតណាម បានគូសបញ្ជាក់ថា វៀតណាម នឹងរើសយក ការវិនិយោគពីក្រៅប្រទេសដែលប្រកបដោយគុណភាព ពោរពេញទៅដោយតម្លៃបន្ថែម ជាមួយបច្ចេកវិទ្យា និងភាពច្នៃប្រឌិត ដើម្បីជួយឲ្យវៀតណាម អាចឈានជើងចូលក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់លំដាប់សកលលោកបានកាន់តែឆាប់រហ័ស។
លោក វូ ធៀន ឡុក ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានមានប្រសាសន៍ដែរថា សហគ្រាសក្នុងស្រុក គួរតែធ្វើការឲ្យបានជិតស្និទ្ធជាមួយនឹង ការវិនិយោគពីក្រៅប្រទេស ដើម្បីចាប់យកឱកាសពង្រីកទីផ្សារ និងធ្វើកំណែទម្រង់ធំៗ។
លើសពីនេះទៅទៀត ការសម្របសម្រួលការវិនិយោគពីក្រៅប្រទេស ឲ្យចាក់ស្រេះ កាន់តែជ្រៅក្នុងសេដ្ឋកិច្ចវៀតណាម គឺជារឿងសំខាន់បំផុត និងជាអាទិភាពទីមួយ ដែលត្រូវធ្វើ។
រដ្ឋាភិបាលវៀតណាម ធ្លាប់បានប្រកាសថា នឹងផ្តល់អាជ្ញាប័ណ្ណជូនដល់ការវិនិយោគណា ដែលមានគុណភាព ប្រសិទ្ធភាព ប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមិនប៉ះពាល់ដល់ បរិស្ថាន ព្រោះថា វិនិយោគិនបរទេសមួយចំនួន បានប្រើប្រាស់បច្ចេកវិទ្យាហួសសម័យ ដែលបង្កជាបញ្ហាដល់បរិស្ថានខ្លាំង។ ម្យ៉ាងវិញទៀត គេអាចនឹងចាត់ទុក វៀតណាម ជាកន្លែងចោលសំរាមបច្ចេកវិទ្យាហួសសម័យថែមទៀតផង។
រដ្ឋាភិបាលវៀតណាម កំណត់គោលដៅជំរុញចំនួនក្រុមហ៊ុនបរទេស ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងគ្រប់គ្រងផលប៉ះពាល់បរិស្ថានបានល្អ ឲ្យកើនឡើង ៥០% ក្នុងចន្លោះឆ្នាំ ២០១៨ ដល់ ២០២៥ ព្រមទាំងកើនឡើងទ្វេដងនៅត្រឹមឆ្នាំ ២០៣០។
បើតាមរបាយការណ៍ពីក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ប្រទេសវៀតណាម ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស ប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៧% ធៀបនឹងឆ្នាំ ២០១៨ ហើយ រដ្ឋាភិបាលវៀតណាម ក៏បានកំណត់គោលដៅទាក់ទាញការវិនិយោគពីបរទេសឲ្យបាន ៣០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ និងកើនដល់ ៥០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០ខាងមុខ៕