វៀតណាម

ក្រុមហ៊ុនវៀតណាមជាច្រើន បានដាក់លក់ក្រុមហ៊ុនក្នុងតម្លៃទាបទៅឲ្យ វិនិយោគិនបរទេស


ក្រុមហ៊ុនក្នុងស្រុកវៀតណាមជាច្រើនដែលជួបបញ្ហាប្រឈមនឹងការក្ស័យធន ដោយសារតែមេរោគកូវីដ១៩នោះ គឺកំពុងតែជួបប្រទះនូវ បញ្ហាថ្មីមួយទៀត ដែលចាំបាច់ត្រូវលក់ក្រុមហ៊ុនរបស់ខ្លួន ទៅឲ្យវិនិយោគិនបរទេស ដែលឆ្លៀតឱកាសនេះ ទិញក្រុមហ៊ុនក្នុងស្រុកវៀតណាម ក្នុងតម្លៃទាបតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
ក្រុមហ៊ុនវៀតណាមជាច្រើន បានដាក់លក់ក្រុមហ៊ុនក្នុងតម្លៃទាបទៅឲ្យ វិនិយោគិនបរទេស(រូបភាព Vnexpress International)
ដោយ

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិនិយោគិន​បរទេស ពុំ​សូវ​ចាប់អារម្មណ៍​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​ថ្មី នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ ដោយ​ពួក​គេ ងាក​មក​មើល​ពី ឱកាស​ចូល​ហ៊ុន​វិនិយោគ នៅ​ក្នុង​ក្រុមហ៊ុន​ក្នុងស្រុក ដែល​មាន​ស្រាប់ ឬ​ទិញ​យក​ក្រុមហ៊ុន​តែ​ម្តង ដែល​ធ្វើ​ឲ្យ​ពួក​គេ អាច​ឈាន​ជើង​ចូល​ទីផ្សារ​ក្នុងស្រុក ដែល​អាច​រក​កម្រៃ​បាន​ភ្លាម​ៗ​តែ​ម្តង​។

ដោយសារ​តែ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ក្រុមហ៊ុន​ក្នុងស្រុក​វៀតណាម​ជា​ច្រើន បាន​ជួបនឹង​បញ្ហា​កកស្ទះ​លំហូរ​ហិរញ្ញវត្ថុ ដែល​ជម្រុញ​ឲ្យ​ពួក​គេ ចាំបាច់​ត្រូវ​លក់​ភាគហ៊ុន ទៅ​ឲ្យ​វិនិយោគិន​ថ្មី​ៗ ភាគច្រើន​ជា ជនបរទេស​។

ជាក់ស្តែង​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​គូសបញ្ជាក់​ឲ្យ​ឃើញ​ថា ក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២០​នេះ គម្រោង​វិនិយោគ​ពី​ក្រៅប្រទេស ដែល​បាន​ចុះបញ្ជី​ថ្មី បាន​ធ្លាក់​ចុះ​ប្រមាណ ១០% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ក៏​ប៉ុន្តែ ចំនួន​ក្រុមហ៊ុន​ដែល​ត្រូវ​បាន វិនិយោគិន​បរទេស កាន់កាប់ បាន​កើនឡើង​រហូត​ដល់​ទៅ ៣៣% ឯណោះ​។

អំឡុង​ពេល ៤​ខែ​នេះ យើង​ឃើញ​មាន​សកម្មភាព​ទិញ​ក្រុមហ៊ុន​ថ្មី​ជាង ២៦00​ក្រុមហ៊ុន ក្នុង​តម្លៃ​ជាង ១,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​គ្មាន​ការ​បន្ថែម​ដើមទុន​ចុះបញ្ជី​នោះ​ទេ ហើយ​ក្នុង​នោះ ប្រទេស​ជប៉ុន ឈរ​លំដាប់ថ្នាក់​លេខ ១ ជា​វិនិយោគិន​បរទេស ដែល​បាន​ទិញ​ក្រុមហ៊ុន​វៀតណាម​ច្រើន​ជាងគេ រហូត​ដល់​ទៅ ៧៤០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​សិង្ហ​បុរី ចំណាយ​ជាង ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ទិញ​ក្រុមហ៊ុន​នៅ​វៀតណាម​។

ចំពោះ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​បញ្ជាក់​ថា ការ​ទិញ​ក្រុមហ៊ុន​បែប​នេះ នឹង​បន្ត​កើនឡើង​ទៀត នា​ពេល​ខាង​មុខ ហើយ​ភាគច្រើន វិនិយោគិន​បរទេស ចាប់អារម្មណ៍​លើ វិស័យ​អចលនទ្រព្យ វិស័យ​លក់ដុំ​និង​រាយ និង​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ដែល​កំពុង​តែ​ជួបនឹង​ផល​លំបាក ហើយ​ប្រឈម​មុខ​នឹង ការ​ក្ស័យធន​។

គួរ​ជម្រាប​ដែរ​ថា សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម ក៏​បាន​ដាក់​ញ្ញត្តិ​ទៅ នាយក​រដ្ឋមន្ត្រី​វៀតណាម ដើម្បី​ពិចារណា​ផ្អាក ការ​ទិញ​លក់​ក្រុមហ៊ុន​ក្នុងស្រុក​ទៅ​ឲ្យ វិនិយោគិន​បរទេស ជា​បណ្តោះអាសន្ន​សិន ក្នុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ ខណៈ​បណ្តា​ប្រទេស​ដទៃ​ជា​ច្រើន ក៏​បាន​ដាក់​បំរាម​លើ ការ​ទិញ​លក់​ក្រុមហ៊ុន អំឡុង​ពេល​នេះ ហើយ​រដ្ឋាភិបាល​ថែម​ទាំង ជួយ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​សំខាន់​ៗ​ថែម​ទៀត​ផង​៕

None



អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ៖ ខ្ញុំមិនចាប់អារម្មណ៍ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយចិនឡើងវិញនោះឡើយ !

ប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា លោក មិនចាប់អារម្មណ៍លើ ការចរចាម្តងទៀតអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលបានសម្រេច…

ថៃ កំពុងពិចារណាយកថ្លៃពន្ធពីភ្ញៀវទេសចរបរទេសម្នាក់ជិត ១០ដុល្លារ

ក្រសួងទេសចរណ៍ និងកីឡាថៃ កំពុងពិចារណាលើ ការយកពន្ធប្រមាណ ១០ដុល្លារអាមេរិក ឬតិចជាងនេះ ពីភ្ញៀវទេសចរបរទេសម្នាក់ៗ ដែលចូលមកកម្សាន្តនៅក្នុងប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ