កម្មវិធីជាតិកាត់បន្ថយភាពក្រីក្រ ដែលស្នើឡើងដោយក្រសួងសង្គមកិច្ច នឹងផ្តោតលើការកាត់បន្ថយភាពក្រីក្រ ការការពារប្រជាជនពីការធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងការជួយប្រជាពលរដ្ឋក្រីក្រទទួលបានសេវាសាធារណៈកាន់តែប្រសើរឡើង។
តំបន់មួយចំនួនរបស់វៀតណាមនៅតែមានភាគរយនៃគ្រួសារក្រីក្រលើសពី ៥០% ខណៈគ្រួសារជនជាតិភាគតិចមានចំនួនប្រហែល ៦១% នៃគ្រួសារក្រីក្រទាំងអស់នៅទូទាំងប្រទេសវៀតណាមក្នុងឆ្នាំ ២០២០។ គ្រួសារក្រីក្រភាគច្រើនរស់នៅក្នុងតំបន់ជនបទ ជីវភាពរបស់ពួកគេមិនមានស្ថិរភាព និងមានការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារការងារ។វៀតណាមបច្ចុប្បន្នមានប្រហែលជាង ៤ពាន់គ្រួសារ ឬស្មើនឹងជាង១៧លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រដែលត្រូវបានកំណត់ដោយប្រាក់ចំណូលប្រចាំខែប្រមាណជាង ៦៦ដុល្លារសម្រាប់អ្នករស់នៅតាមជនបទ និងប្រាក់ចំណូលជាង ៨៨ ដុល្លារសម្រាប់អ្នករស់នៅក្នុងតំបន់ទីក្រុង។
សូមជម្រាបថា ក្រៅតែពីកម្មវិធីកាត់បន្ថយភាពក្រីក្រនេះ បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមក៏បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣៥ ជាមួយនឹងប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់អាចទទួលបានរហូតដល់ ៧ពាន់ដុល្លារក្នុងមួយឆ្នាំផងដែរ តាមរយៈការទាក់ទាញការវិនិយោគបរទេសឱ្យមកធ្វើការផលិតនៅក្នុងប្រទេសរបស់ខ្លួនកាន់តែច្រើន៕
អត្ថបទ ស៊ើង និមល់