បើទោះបីជាបែបនេះក្ដីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃពុធសប្ដាហ៍នេះ ប្រទេសវៀតណាម បានព្រមានមិនឲ្យមានការប្រមូលផ្ដុំគ្នាច្រើននោះទេ នៅមុននៃថ្ងៃឈប់សម្រាកមកដល់ក្នុងសប្ដាហ៍នេះ ហើយរដ្ឋាភិបាលប្រទេសនេះ ក៏កំពុងតែពន្លឿនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋខ្លួនកាន់តែច្រើនផងដែរ នៅចំពេលដែលស្ថានភាពកូវីដ-១៩ នៅបណ្ដាប្រទេសជិតខាងកំពុងកាន់តែយ៉ាប់យ៉ឺន។
នៅក្នុងសេក្ដីថ្លែងការរបស់ក្រសួងសុខាភិបាលវៀតណាម បានគូសបញ្ជាក់ដែរថា ការផ្ទុះរាលដាកូវីដ-១៩ ជាថ្មី កំពុងគំរាមកំហែង នឹងអាចកើតមានឡើងគ្រប់ពេល ពិសេសនៅអំឡុងថ្ងៃឈប់សម្រាកដែលនឹងមកដល់នៅខែឧសភាខាងមុខនេះ។
សូមជម្រាបថា ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា មានការគ្រប់គ្រងការឆ្លងកូវីដ-១៩ បានល្អជាងគេបើធៀបនឹងប្រទេសក្នុងតំបន់។ បើទោះបីជាបែបនេះ
គិតតាំងពីមានផ្ទុះរាលដាលឆ្លងកូវីដ-១៩មក ប្រទេសវៀតណាម មានអ្នកឆ្លងកូវីដ-១៩ សរុបត្រឹមតែជិត៣ពាន់ករណីប៉ុណ្ណោះ និងមានអ្នកស្លាប់ចំនួន ៣៥នាក់ ដែលវាបានធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងចំណាត់ថ្នាក់ល្អបំផុតមួយក្នុងចំណោមប្រទេសនៅអាស៊ី លើការគ្រប់គ្រងកូវីដ-១៩។
យ៉ាងណាក៏ដោយចុះ អាជ្ញាធរៀតណាម ក៏បានបញ្ជាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំប្រទល់ជាមួយនឹងកម្ពុជា ដោយក្នុងនោះ វៀតណាម ហាមឃាត់ដាច់ខាតនូវការចរាចរមនុស្សឆ្លងកាត់ព្រំដែនវៀតណាមដោយខុសច្បាប់។
សូមបញ្ជាក់ថា នៅកម្ពុជាយើងនៅប៉ុន្មានថ្ងៃមកនេះ បានរកឃើញអ្នកឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង ១ម៉ឺននាក់ហើយ និងអ្នកស្លាប់មានជាង៩១នាក់ហើយ ខណៈដែលប្រទេសថៃវិញ ក្នុងមួយថ្ងៃៗរកឃើញអ្នកឆ្លងថ្មីៗចន្លោះពីជាង១ពាន់ ទៅជាង២ពាន់នាក់ ហើយបើសរុបចំនួនអ្នកឆ្លងវិញ មកទល់ពេលនេះថៃមានជាង ៦ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់មានជិត២០០នាក់។ រីឯប្រទេសឡាវវិញ ក៏កំពុងកើនឡើងចំនួនអ្នកឆ្លងដែរ ដោយមានជាង៦០០នាក់ហើយមកទល់ពេលនេះ ខណៈដែលមួយរយៈមុននេះ ឡាវបានស្ងប់ស្ងាប់មួយរយៈមិនមានអ្នកឆ្លងក្នុងសហគម៍នោះទេ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ត្រុង ហៅ បិញ និយាយថា ស្ថានភាពឆ្លងរាលដាលសកល កំពុងធ្វើឲ្យមានភាពស្មុគស្មាញ ពិសេសការឆ្លងរាលដាលនៅក្នុងប្រទេសជិតខាង កំពុងដាក់សម្ពាធខ្លាំងលើប្រទេសវៀតណាម។
សូមបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម កំពុងពន្លឿនគោលដៅចាក់វ៉ាក់សាំងរបស់ខ្លួន ដោយគ្រោងនឹងចាក់វ៉ាក់សាំង AstraZeneca ជិត១លានដូស ដែលខ្លួនទទួលបានមកនោះ ឲ្យអស់នៅត្រឹមពាក់កណ្ដាលខែឧសភាខាងមុខ។ ហើយមកទល់ពេលនេះ មានពលរដ្ឋវៀតណាមប្រហែល ២៦ម៉ឺននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩៕