ប្រទេសវៀតណាម

វៀតណាមប្រឈមនឹងការខ្វះខាតអគ្គិសនីជាថ្មី ខណៈរោងចក្រមួយចំនួននៅជិតទីក្រុងហាណូយត្រូវបន្ថយការប្រើប្រាស់ជិត៥០%


ក្រុមហ៊ុនផលិតថាមពលមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋនៅប្រទេសវៀតណាមបានស្នើសុំឱ្យសួនឧស្សាហកម្មមួយចំនួននៅជិតទីក្រុងហាណូយកាត់បន្ថយការប្រើប្រាស់អគ្គិសនីក្នុងអត្រា ៥០%។ សំណើនេះគឺដោយសារសីតុណ្ហភាពកើនខ្ពស់ ហើយបានបណ្តាលឱ្យការផ្គត់ផ្គង់អគ្គិសនីមានសភាពតឹងតែង ជាហេតុបង្កើនការព្រួយបារម្ភពីការដាច់ចរន្តអគ្គិសនីកាន់តែខ្លាំងថែមទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ប្រទេសវៀតណាមខ្វះភ្លើងអគ្គិសនីខ្លាំងសម្រាប់ផ្គត់ផ្គង់រោងចក្រនៅភាគខាងជើង
ដោយ

សួនឧស្សាហកម្ម ថាងឡុង (Thang Long) នៅភាគខាងជើងនៃរដ្ឋធានីហាណូយដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន ស៊ូមីតូម៉ូ (Sumitomo Corp) បានទទួលសំណើពីក្រុមហ៊ុនថាមពលវៀតណាម Vietnam Electricity ឱ្យកាត់បន្ថយការប្រើប្រាស់ថាមពលពាក់កណ្តាលចាប់ពីព្រឹកថ្ងៃសុក្រ ទី៩ ដល់ល្ងាចថ្ងៃអាទិត្យ ទី១១ ខែមិថុនា។

ឥឡូវនេះក្រុមហ៊ុន ស៊ូមីតូម៉ូ កំពុងពិចារណាផ្ដាច់ចរន្តអគ្គិសនីចោលខ្លះៗ ដើម្បីកាត់បន្ថយផលប៉ះពាល់លើអ្នកជួល ដែលរួមទាំងក្រុមហ៊ុនជប៉ុនមួយចំនួនដូចជាក្រុមហ៊ុន Panasonic ក្រុមហ៊ុនផលិតគ្រឿងបង្គន់ Toto និងក្រុមហ៊ុន Shin-Etsu Chemical ផងដែរ។

ចំណែកសួនឧស្សាហកម្មនៅខេត្ត បាក់នីញ (Bac Ninh) នៅភាគខាងជើងប្រទេសវៀតណាម ទីដែលក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូងកំពុងឈរជើងនៅទីនោះ ក៏ទំនងជាទទួលបានសំណើដែលសុំឱ្យជួយសន្សំសំចៃអគ្គិសនីផងដែរ។

អាកាសធាតុរដូវក្តៅនៅប្រទេសវៀតណាមបានចាប់ផ្តើមពីរង្វង់ខែឧសភា ហើយមានការប្រើប្រាស់ថាមពលខ្ពស់បំផុតនៅក្នុងខែមិថុនា និងខែកក្កដា ខណៈដែលសីតុណ្ហភាពបានឡើងខ្ពស់ក្នុងឆ្នាំនេះ។ នៅភាគខាងជើងប្រទេសវៀតណាម សីតុណ្ហភាពបានឡើងដល់កម្រិតខ្ពស់បំផុត គឺជាង ៤៤ អង្សាសេ កាលពីដើមខែឧសភា។

ការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃនៅទីក្រុងហាណូយក្នុងខែឧសភាបានកើនឡើង ២០% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែលទ្ធភាពផ្គត់ផ្គង់ថាមពលពីវារីអគ្គិសនីដែលជាប្រភពដ៏សំខាន់នៅតំបន់ភាគខាងជើងប្រទេសវៀតណាមនោះ បែរជាធ្លាក់ចុះ ព្រោះតែធនធានទឹកនៅតំបន់ភ្នំចុះខ្សោយ។ ផលវិបាកជាក់ស្ដែងនៃកង្វះភ្លើងអគ្គិសនីនេះ គឺការិយាល័យមួយចំនួននៅកណ្តាលរដ្ឋធានីហាណូយបានជួបប្រទះការដាច់ចរន្តអគ្គិសនី បណ្ដាលឱ្យមនុស្សម្នាជាប់គាំងនៅក្នុងជណ្តើរយន្តខុនដូ។

គេកត់សម្គាល់ឃើញថា អត្រាកំណើនសេដ្ឋកិច្ចខ្ពស់នៅវៀតណាមបានធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានភាពតឹងតែងក្នុងរដូវក្តៅថ្មីៗនេះ។ ដំណោះស្រាយមួយចំនួនមានភាពយឺតយ៉ាវ ហើយការប្រកាសផែនការអភិវឌ្ឍថាមពលជាតិ ដែលគ្របដណ្តប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ត្រូវបានពន្យាររហូតដល់ខែឧសភាឆ្នាំ ២០២៣ នេះ។ ប្រសិនបើពុំមានដំណោះស្រាយទាន់ពេលវេលាទេ កង្វះថាមពលអាចប៉ះពាល់ដល់កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីអូស្ត្រាលីខំប្រឹងបង្កើនទំនាក់ទំនងជាមួយវៀតណាមកាន់តែខ្លាំងក្លា?

ទស្សនកិច្ចនាចុងសប្ដាហ៍មុនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បាណេស (Anthony Albanese) នៅវៀតណាម ជាការទទួលស្គាល់ថា ទំនាក់ទំន…

អ្នកជំនាញជប៉ុនថា ដំណើរការពេញបន្ទុកនៃកិច្ចព្រមព្រៀង RCEP នឹងជំរុញសមាហរណកម្មសេដ្ឋកិច្ច

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលហៅកាត់ថា អាសិប/RCEP ត្រូវបានអ្នកជំនាញជប៉ុននិយាយថា ជាកិច្ចព្រមព្រៀងដែលកំពុងល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ