ក្នុងចំណោមមនុស្សប្រមាណជិត ៩០០នាក់នោះ មាន ៧៦១នាក់ នៅក្នុងទីក្រុង Da Nang និងមាន១២០នាក់ទៀត គឺនៅក្នុងខេត្ត Quang Nam ដែលពួកគេទាំងនោះ បានមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺកូវីដ-១៩ ទី ៤១៦ និង ៤១៨ ដែលអ្នកជំងឺទាំងពីរនាក់នេះ រស់នៅក្នុងទីក្រុង Da Nang។
មនុស្សទាំងអស់ ដែលបានធ្វើតេស្ដរួច ក៏ត្រូវដាក់ឲ្យធ្វើចត្ដាឡីស័ក រយៈពេល ១៤ថ្ងៃបន្តទៀត ដោយអ្នកខ្លះ ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ និងខ្លះទៀត នៅមន្តីរពេទ្យ និងកន្លែងដែលរៀបចំពិសេស។
មានមនុស្សប្រមាណជាង ៥០នាក់ទៀត កំពុងរង់ចាំលទ្ធផលធ្វើតេស្ដរបស់ពួកគេនៅក្នុងខេត្ត Quang Nam។
ករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅវៀតណាមនាពេលនេះ គឺជាការកើតឡើងលើកដំបូងហើយ បន្ទាប់ពីវៀតណាមមិនមានករណីឆ្លងក្នុងស្រុក រយៈពេលប្រមាណ១០០ថ្ងៃមកហើយ។
ប្រទេសវៀតណាម បានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកចំនួន ៤ករណី គិតតាំងពីចុងសប្ដាហ៍មកទល់ថ្ងៃចន្ទ ទី ២៧កក្កដានេះ។
រដ្ឋាភិបាលវៀតណាម បានចេញបទបញ្ជាគម្លាតសង្គមនៅទូទាំងទីក្រុង Da Nang នៅថ្ងៃចន្ទនេះ។
តាមផែនការ ទីក្រុងនេះ នឹងធ្វើតេស្ដពលរដ្ឋដែលរស់នៅក្នុងទីក្រុងនេះ ប្រមាណ ១ម៉ឺននាក់។ ទីក្រុងនេះ ក៏ត្រូវបានបិទមិនឲ្យអ្នកដំណើរចូលផងដែរ ហើយសេវាកម្មមិនចាំបាច់មួយចំនួន ដូចជាសួនកម្សាន្ដ ហាងថែរក្សាសម្ផស្ស ខារ៉ាអូខេ ហាងម៉ាស្សា និងហាងផឹកស៊ី ក៏បានបិទតាំងពីរសៀលថ្ងៃអាទិត្យ ទី២៦ មកម្ល៉េះ។
រដ្ឋាភិបាលវៀតណាម ក៏បានបញ្ជាក់ថា នឹងជម្លៀសមនុស្សប្រមាណ ៨ម៉ឺននាក់ ភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ចេញពីទីក្រុង Da Nang ផងដែរ។
អាជ្ញាធរវៀតណាម កំពុងតែស្វះស្វែងរកប្រភពនៃការចម្លងមេរោគកូវីដ-១៩នេះផងដែរ។
ក្នុងចំណោមករណីរកឃើញវិជ្ជមានកូវីដ-១៩ សរុប ៤២០ នាក់នៅវៀតណាមមកទល់ពេលនេះ មានអ្នកជំងឺតែ៥៥នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯអ្នកផ្សេងទៀត បាជាសះស្បើយអស់ហើយ៕