ទើបតែបានឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាមបានមិនទាន់បាន៣ឆ្នាំស្រួលបួលផង លោកង្វៀន សៀនហ្វុក ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សសម្រេចឱ្យលាលែងចេញពីតំណែង ក៏ដូចជាសមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការផងដែរ។ ការលាលែងពីតំណែងរបស់លោក ង្វៀន សៀនហ្វុកនេះ គឺក្រោមហេតុផលថា លោកត្រូវទទួលខុសត្រូវ ក្នុងនាមជាថ្នាក់ដឹកនាំ ដែលបណ្ដែតបណ្ដោយឲ្យមានមន្ត្រីក្រោមឱវាទ រួមមាន ឧបនាយករដ្ឋមន្ត្រីពីរូប និងរដ្ឋមន្ត្រីបីរូប ប្រព្រឹត្តអំពើរំលោភបំពានច្បាប់ពាក់ព័ន្ធនឹងរឿងពុករលួយ ដែលបង្កផលវិបាកដល់ប្រទេស។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃទី១៧ ខែមករា។
លោក សៀនហ្វុក ដែលមានអាយុ៦៩ ឆ្នាំ គឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងរដ្ឋសភាអស់រយៈពេលជាច្រើនអាណត្តិមកហើយ។ ពីឆ្នាំ ១៩៩៧ ដល់ ២០០៦ លោកជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ។
លោក ង្វៀន សៀនហ្វុក ត្រូវបានតែងតាំងជាប្រធានការិយាល័យរដ្ឋាភិបាលក្នុងឆ្នាំ ២០០៦ និងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១១ មុនពេលក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ ២០១៦-២០២១។ បន្ទាប់មករូបលោក ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៅខែមេសា ឆ្នាំ ២០២១។
សភាវៀតណាមត្រូវបានគេទម្លាយថា នឹងរៀបចំកិច្ចប្រជុំវិសាញ្ញដ៏កម្រមួយរបស់ខ្លួន ស្របពេលដែលរឿងក្តីក្តាំពុករលួយបាននិងកំពុងឆេះឆួលក្នុងជួរបក្ស និងមន្រ្តីគ្រាក់ៗក្នុងជួររដ្ឋាភិបាលកណ្តាលវៀតណាម។ ក្នុងនោះ នៅមួយរយៈចុងក្រោយនេះ គេឃើញមានការបង្ក្រាបនឹងឈានទៅដល់ការចាប់ខ្លួនរដ្ឋមន្ត្រីសុខាភិបាល ក៏ដូចជាការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់រាប់រយនាក់ផ្សេងទៀតផងដែរ។
ដោយឡែក ប្រភពច្បាស់ការបីរូបដែលបានដឹងពីបញ្ហានេះបានបង្ហើបប្រាប់សារព័ត៌មានរ៉យទ័រ ដោយសុំមិនបញ្ចេញអត្តសញ្ញាណថា ស្ថាប័ននីតិប្បញ្ញត្តិដែលជាសភាវៀតណាម នឹងផ្តល់សច្ចាប័នលើការសុំលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ ជាច្រើននាក់បន្ថែមទៀតនៅក្នុងសប្តាហ៍នេះហើយ។
ប្រសិនបើប្រភពខាងលើជាការអះអាងពិតប្រាកដមែន វាសបញ្ជាក់ឱ្យឃើញថា ការប្រព្រឹត្តិអំពើពុករលួយក្នុងជួរបក្សកុម្មុយនិស្តវៀតណាមកំពុងស៊ីរ៉ូងកាន់តែជ្រៅមែនទែនហើយ ខណៈការបង្ក្រាបក៏នឹងមានជាបន្តបន្ទាប់ផងដែរ។ គួរជម្រាបថា ទោះបីជាវៀតណាមស្ថិតក្រោមការដឹកនាំដោយរបបកុម្មុយនិស្តក៏ពិតមែន ប៉ុន្ដែរដ្ឋាភិបាលវៀតណាម តែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអំពើពុករលួយនេះ ដោយទីក្រុងហាណូយត្រូវដោះស្រាយវាឱ្យបានឆាប់រហ័ស ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងអារម្មណ៍របស់វិនិយោគិន ដែលត្រូវវិនិយោគពីក្រៅប្រទេស។
យ៉ាងណាមិញ មន្ត្រីទទួលបន្ទុកព័ត៌មាននៃរដ្ឋសភាវៀតណាមបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកិច្ចប្រជុំនៅសប្តាហ៍នេះឡើយ ខណៈមន្ត្រីពីររូបទៀតដែលពាក់ព័ន្ធនឹងបញ្ហានេះក៏មិនបានឆ្លើយតបចំពោះការសុំអត្ថាធិប្បាយពីអ្នកសារព័ត៌មានដែរ។
មែនទែនទៅ មានការយល់ឃើញមួយចំនួន ពីអ្នកជំនាញនិងអ្នកតាមដាននយោបាយ ថា ការបើកកិច្ចប្រជុំវិសាមញ្ញសាជាថ្មីនេះ គឺមិនខុសពីកិច្ចប្រជុំកាលពីដើមខែមករានោះទេ ដែលកាលនោះបានឈានទៅដកតំណែងមន្ត្រីគ្រាក់ៗពីជួររដ្ឋាភិបាលវៀតណាម។ ប្រការនេះហើយទើបមានសំណួរចោទឡើងថា តើការដកតំណែងជាឧបនាយករដ្ឋមន្ត្រីវៀតណាមពីររូបនៅដើមខែនេះ គឺជាការពង្រឹងអំណាចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមឬ យ៉ាងណា?
អគ្គលេខាធិការបក្សកុម្មុនិស្តវៀតណាមលោក ង្វៀន ភូជុង (Nguyen Phu Trong) ត្រូវបានគេមើលឃើញ ថា បាននិងកំពុងពង្រឹងអំណាចឱ្យកាន់តែរឹងមាំ បន្ទាប់ពីកាលពីថ្ងៃទី៦ខែមករាកន្លងទៅ សភាវៀតណាមបើកកិច្ចប្រជុំវិសាមញ្ញមួយ ដែលបានសម្រេចអនុម័តលើការបណ្តេញឧបនាយករដ្ឋមន្ត្រីពីររូបចេញពីដំណែងដោយមិនដឹងពីមូលហេតុអ្វីឱ្យពិតប្រាកដ។ ក្នុងនោះមាន៖ លោក ផាម បិញមិញ(Pham Binh Minh) ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការទូតរួម និងលោក វ៉ូ ដុកដាំ(Vu Duc Dam) ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសុខភាពសាធារណៈ។
ជាក់ស្តែងមន្ត្រីទាំងពីររូបនេះ មិនត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោសទេ ដោយគ្រាន់តែដកតំណែង ហើយក៏គ្មានការពន្យល់ជាផ្លូវការណាមួយពីមូលហេតុដែលពួកគេត្រូវបានដកហូតតំណែងនោះដែរ ដោយគ្រាន់តែដឹងថាអ្នកទាំងពីរបានប្រព្រឹត្តិអំពើពុករលួយក្រោមតួនាទីខ្លួន។ ប៉ុន្ដែ បើយោងតាមប្រភពការទូតមួយបានប្រាប់សារព័ត៌មានជប៉ុន Nikkei ដោយសេចក្តីភ្ញាក់ផ្អើលថា៖ ពួកគេទាំងពីររូបនេះ មានរូបភាពស្អាតស្អំណាស់នៅក្នុងបក្ស ហើយក៏បានប្រជាប្រិយភាពក្នុងចំណោមប្រជាជនវៀតណាមដែរ។
ទាក់ទិនទៅនឹងបញ្ហានេះ អ្នកជំនាញនិងជាអ្នកវិភាគនយោបាយមានមូលដ្ឋាននៅទីក្រុងហូជីមិញ លោក ដាំង តាមឆាញ(Dang Tam Chanh) បានគូសបញ្ជាក់ថា ការធ្វើនេះវាហាក់ដូចជាបង្ហាញយ៉ាងច្បាស់ថា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូជុង កំពុងពង្រឹងការក្តាប់អំណាចរបស់លោកបន្ថែមទៀត ទោះបីជាលោកស្ទើរតែជាអ្នកដែលបានបង្រួបបង្រួមអំណាចនៃរដ្ឋ គណបក្ស កងកម្លាំងប្រដាប់អាវុធ ប្រព័ន្ធតុលាការ រួចទៅហើយក្តី។
យ៉ាងណាក៏ដោយ វៀតណាមមិនមានមេដឹកនាំកំពូលផុតលេខទេ។ ប្រទេសប្រកាន់យករបបកុម្មុយនិស្តមួយនេះត្រូវបានដឹកនាំដោយ សសរស្តម្ភចំនួនបួនគឺ អគ្គលេខាបក្សកុម្មុយនិស្ត ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភាវៀតណាម។ ប៉ុន្តែ ប្រធានបក្សកុម្មុយនិស្តវៀតណាម ង្វៀន ភូជុង នៅមួយរយៈចុងក្រោយហាក់មានការកើនឡើងអំណាច និងឥទ្ធិពលកាន់តែស្រួចស្រាលឡើងៗ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំប្រទេសដែលមានប្រជាជនជិត១រយលាននាក់មួយនេះ៕