ប្រទេសវៀតណាម បាននាំចេញគ្រឿងសង្ហារឹមទៅអាមេរិកក្នុងតម្លៃជាទឹកប្រាក់ជាង ៧ពាន់៤រយលានដុល្លារ កាលពីឆ្នាំ២០២០ មានការកើនឡើងជាង៣០% ខណៈដែលប្រទេសចិនមានតែជាង ៧ពាន់៣រយលានដុល្លារអាមេរិក ធ្លាក់ចុះ២៥%។ នេះបើតាមទិន្នន័យពីទស្សនាវដ្ដីអាមេរិក Furniture Today។
ការនាំចេញគ្រឿងសង្ហារឹមពីវៀតណាមទៅអាមេរិកកើនឡើងនេះ ត្រូវបានគេមើលឃើញថា ដោយសារតែជាង២ឆ្នាំកន្លងមកនេះ អាមេរិកបានដាក់ពន្ធនាំចូលកាន់តែខ្ពស់រហូតដល់២៥% ទៅលើមុខទំនិញគ្រឿងសង្ហារឹមដែលនាំចូលពីប្រទេសចិន ដែលវាបានធ្វើឲ្យរោងចក្រផលិតបានរើចេញពីចិនកាន់តែច្រើន ដែលវាជាឱកាសជំរុញឲ្យគ្រឿងសង្ហារឹមវៀតណាមអាចមានលទ្ធភាពកាន់តែប្រសើរក្នុងការនាំចូលទៅអាមេរិក។
នៅក្នុងឆ្នាំ២០១៨ និង២០១៩ ការនាំចេញគ្រឿងសង្ហារឹមរបស់វៀតណាមទៅអាមេរិកបានហក់ឡើងដល់ទៅកំណើន២ខ្ទង់ ក្នុងមួយឆ្នាំៗ ខណៈដែលប្រទេសចិនវិញធ្លាក់ចុះក្នុងអត្រាតួលេខ២ខ្ទង់ដែរ។
អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ ដោយមានតម្លៃទឹកប្រាក់នាំចេញសរុបប្រមាណ ៣០ពាន់លានដុល្លារ មានកំណើន ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងតាមពីក្រោយដោយទីផ្សារចិនមានទឹកប្រាក់នាំចេញជិត ១៧ពាន់លានដុល្លារ កើនឡើងជាង៣២%។
តាមការស្ទង់មតិមួយដោយស្ថាប័ន ឈីម៉ា ដែលជាស្ថាប័នផ្ដល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ និងមានមូលដ្ឋាននៅហុងកុង បានឲ្យដឹងដែរថា អ្នកបញ្ជាទិញអាមេរិក និងអឺរ៉ុប ជាច្រើន កំពុងបង្កើនការទិញទំនិញពីវៀតណាម ដោយសារតែពួកគេកំពុងស្វែងរកការធ្វើពិពិធកម្មទីផ្សារចេញពីប្រទេសចិន។
ការស្ទង់មិតរបស់ស្ថាប័ន ឈីម៉ា គឺបានធ្វើឡើងលើក្រុមហ៊ុនដែលមានប្រតិបត្តិការលើខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកចំនួន ៧០០ក្រុមហ៊ុន។ ក្នុងនោះ មាន៤៣% នៃក្រុមហ៊ុនអាមេរិក ដែលត្រូវបានស្ទង់មតិបាននិយាយថា វៀតណាមគឺជាជម្រើសទីផ្សារមួយ ក្នុងចំណោមជម្រើសទីផ្សារធំៗ៣ ដែលក្រុមហ៊ុនទាំងនោះចាប់អារម្មណ៍ទិញទំនិញ។ ការស្ទង់មតិដដែលនេះ បានឲ្យដឹងទៀតថា វៀតណាម គឺនៅតែស្ថិតក្នុងចំណោមជម្រើសទី១ សម្រាប់ការបញ្ជាក់ទិញពីអ្នកបញ្ជាទិញនៅលោកខាងលិច ជំនួសទីផ្សារចិន៕