នៅក្នុងចំណោមទឹកប្រាក់សរុបជាង ៤៩០ លានដុល្លារ ដែលវិនិយោគិនវៀតណាមបានវិនិយោគនៅក្រៅប្រទេសនោះ មាន ជាង ៣១៦ លានដុល្លារ គឺត្រូវបានវិនិយោគនៅក្នុងគម្រោងថ្មីចំនួន ១១៤ គម្រោង និងទឹកប្រាក់ ១៧៤ លានដុល្លារអាមេរិកទៀត ត្រូវបានវិនិយោគបន្ថែមទៅលើគម្រោងដែលមានស្រាប់។
ដោយឡែក បើគិតមកនៅត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ការវិនិយោគពីបរទេសចូលទៅក្នុងប្រទេសវៀតណាមវិញ សរុបមានប្រមាណជាង ២៦ពាន់លានដុល្លារ មានការធ្លាក់ចុះដល់ទៅជិត១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្ដែង មានគម្រោងថ្មីៗដែលជាការវិនិយោគពីក្រៅប្រទេសនោះ មានចំនួនត្រឹមតែជាង ២.៣០០គម្រោង ធ្លាក់ចុះជាង៣៣% និងមានទុនវិនិយោគសរុប ជាង១៣ពាន់លានដុល្លារ ធ្លាក់ចុះជាង៧%។ ជាមួយគ្នានេះ វិនិយោគិនបរទេស ដែលបានកែប្រែដើមទុននៅក្នុងគម្រោងវិនិយោគក្នុងប្រទេសវៀតណាម ចំនួន ជាង១ពាន់គម្រោង ដោយបានបន្ថែមទុនវិនិយោគជាង៦ពាន់លានដុល្លារ កើនឡើងជិត៨%។
ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថា នៅរយៈពេល ១១ខែ ឆ្នាំនេះ សម្រេចបានប្រមាណជាង ១៧ពាន់លានដុល្លារ ដែលនឹងអត្រាធ្លាក់ចុះប្រចាំឆ្នាំ ២,៤%។ អំឡុងពេលដូចគ្នានេះដែរ វៀតណាមបានរាយការណ៍ថា ក៏មានសហគ្រាសបង្កើតថ្មីប្រមាណជាង ១២ម៉ឺន៤ពាន់ សហគ្រាស មានការធ្លាក់ចុះ ជិត២%។
នៅ១១ខែ ឆ្នាំ២០២០នេះដែរ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់វៀតណាម ឬហៅថា IIP ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងជាង៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងរោងចក្រផលិត កែច្នៃ កើនជិត៥% និងផលិតកម្មថាមពល និងចែកចាយ នឹងកើនជាង ៣%ផងដែរ៕