លោក Do Ha Nam អនុប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម ហៅកាត់ថា Vicofa និងជាប្រធានក្រុមហ៊ុន Intimex Group បានអះអាងនៅក្នុងសារព័ត៌មានដដែលនេះថា ដើម្បីអាចឈានទៅសម្រេចបានគោលដៅនាំចេញកាហ្វេ ៦ពាន់លានដុល្លារ នៅរយៈពេល៧ឆ្នាំខាងមុខនេះ អ្នកដែលពាក់ព័ន្ធ គឺត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឲ្យគោលដៅនេះ សម្រេចបាន ខណៈដែលទិន្នផលកាហ្វេសម្រាប់ឆ្នាំ២០២២ និង២០២៣ត្រូវបានគេរំពឹងថា នឹងថយចុះពី ១០ ទៅ ១៥ ភាគរយពោលគឺ មកនៅត្រឹមតែជិត ១លាន៥សែនតោនប៉ុណ្ណោះ ។
លោកបានបន្តទៀតថា ផ្ទៃដីដាំកាហ្វេនៅវៀតណាមក៏កំពុងមាននិន្នាការថយចុះ ដោយសារអ្នកដាំកាហ្វេមួយចំនួនបានប្តូរទៅដាំដំណាំ ផ្សេងទៀត ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចជាងដំណាំកាហ្វេ ដូចជាទុរេន និងផ្លែបឺរ ឬដាំដំណាំរួមផ្សំឯទៀត ។
ក្រៅពីនេះ មូលហេតុចំបងមួយទៀត ដែលកំពុងតែបង្កផលប៉ះពាល់ដល់គោលដៅនាំចេញកាហ្វេវៀតណាមដែរនោះ គឺការប្រែប្រួលនៃអត្រាប្តូរប្រាក់រវាងលុយដុងវៀតណាម និង លុយដុល្លារអាមេរិក ជាហេតុនាំឲ្យកសិករ និងអ្នកនាំចេញកាហ្វេវៀតណាមប្រឈមមុខនឹងការខាតបង់ រីឯកង្វះពលកម្មក៏ជាបញ្ហាប្រឈមមួយផ្សេងទៀត ដោយសារពលរដ្ឋវៀតណាមវ័យក្មេងមិនចាប់អារម្មណ៍នឹងចង្វាក់ផលិតកម្មកាហ្វេនៅក្នុងស្រុកបន្តទៀតនោះទេ ។
ទាំងនេះ គឺជាបញ្ហាប្រឈមត្រួសៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាហ្វេវៀតណាមឥឡូវនេះមានគុណសម្បត្តិក្នុងការប្រកួតប្រជែងជាមួយកាហ្វេប្រេស៊ីល ដែលជាគូប្រជែងនាំចេញដ៏ចម្បងរបស់កាហ្វេ វៀតណាម នៅក្នុងទីផ្សារពិភពលោក ជាពិសេស ក្នុងបរិបទដែលសហភាពអឺរ៉ុបបន្តអនុវត្តស្តង់ដារយ៉ាងតឹងរ៉ឹងទាក់ទងនឹងការដាំដុះកាហ្វេដែលប្រើប្រាស់ប្រភេទជីថ្នាំមួយចំនួន។
មកដល់ពេលនេះ វៀតណាមមានផ្ទៃដីដាំកាហ្វេសរុប ៥ម៉ឺនហិកតា ហើយនៅក្នុងនោះ ៨% គឺជាដំណាំកាហ្វេ Arabica ។ ដើម្បីជំរុញការនាំចេញវៀតណាមមានផែនការពង្រីកផ្ទៃដីដាំកាហ្វេ ដល់ទៅជាង១០ម៉ឺន ហិកតា កាលពីឆ្នាំ២០២២ កន្លងទៅស្ថិតិបានបង្ហាញថា វៀតណាមអាចនាំចេញកាហ្វេបាន១លាន៧សែនតោន នៅក្នុងតម្លៃសរុបប្រហែល ៤ពាន់លានដុល្លារ៕