តាមរយៈកញ្ចប់ថវិកាឥណទាននេះ ពលរដ្ឋចំណូលទាប និងមធ្យមនៅវៀតណាម ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតម្លៃទាបទាំងនេះ អាចនឹងទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបជាងអត្រាការប្រាក់ជាមធ្យម ដែលផ្ដល់ដោយធនាគារទូទៅនាពេលបច្ចុប្បន្នផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VN Express។
ទេសាភិបាលធនាគារកណ្ដាលវៀតណាម លោកស្រី ង្វៀន ធីហុង បាននិយាយកាលពីថ្ងៃទី១៧ខែកុម្ភៈថា អត្រាប្រាក់កម្ចីសម្រាប់អ្នកទិញ ឬអ្នកអភិវឌ្ឍគម្រោងលំនៅដ្ឋានសង្គម និងផ្ទះកម្មករ ដែលនឹងត្រូវទទួលបានគឺមានទាបជាង ១,៥% ទៅ២% ធៀបនឹងអត្រាការប្រាក់ជាមធ្យម ដែលផ្ដល់ដោយធនាគារនាពេលបច្ចុប្បន្ន។
លោកស្រីបន្ថែមថា ធនាគាររដ្ឋនឹងត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីរៀបចំការផ្ដល់ឥណទានឡើងវិញ (Refinance) ប្រសិនបើធនាគារដែលចូលរួមក្នុងគម្រោងនេះប្រឈមនឹងការខ្វះសាច់ប្រាក់ងាយស្រួលផងដែរ។
សូមរំឭកថា កាលពីថ្ងៃទី ១៦ខែកុម្ភៈ ក្រសួងសំណង់របស់វៀតណាមបានស្នើទៅកាន់សភាជាតិ និងរដ្ឋាភិបាលឲ្យបែងចែកកញ្ចប់ឥណទានជិត ៥ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានសង្គមសម្រាប់ពលរដ្ឋប្រាក់ចំណូលទាប និងមធ្យម។ យើងតាមក្រសួងសំណង់ ការវិនិយោគលើលំនៅដ្ឋានសង្គមសម្រាប់កម្មករគួរតែទទួលបានប្រភពទុនពីអាជ្ញាធរនៅតាមទីក្រុង និងតាមបណ្ដាខេត្តនានាសម្រាប់ដើមទុនរយៈពេលមធ្យម និងវែង។
ក្រសួងសំណង់របស់វៀតណាម មានគោលដៅចង់សាងសង់លំនៅដ្ឋានសង្គមសម្រាប់អ្នកចំណូលទាប និងមធ្យមឲ្យបាន១លាន៤សែនខ្នងនៅត្រឹមឆ្នាំ២០៣០ ដែលត្រូវចំណាយថវិកាអស់ប្រមាណជាង ៤៥ពាន់លានដុល្លារ។ នៅក្នុងសំណើរបស់ក្រសួង ការសាងសង់លំនៅដ្ឋានទាំងអស់នេះ គឺភាគច្រើននៅតាមទីក្រុងសំខាន់ៗដូចជា ហានូយ ហូជីមិញ ដាណាង ខាន់ធូ និងហៃផុងជាដើម។
គិតមកទល់បច្ចុប្បន្នលំនៅដ្ឋានសង្គមដែលសង់ឡើងសម្រាប់អ្នកចំណូលទាប និងមធ្យមនៅវៀតណាមមានប្រមាណជាង១៥ម៉ឺនខ្នងផ្ទះ ហើយកំពុងស្ថិតក្នុងការសាងសង់មានជាង៤៥ម៉ឺនខ្នងផ្ទះ ខណៈដែលគិតទៅដល់ឆ្នាំ២០៣០ ប្រទេសជិតខាងកម្ពុជាមួយនេះមានតម្រូវការផ្ទះសម្បែងប្រមាណ២លាន៤សែនខ្នងឯណោះ។