ប្រទេសថៃ បានធ្លាក់ចុះ៥ចំណាត់ថ្នាក់ មកនៅលេខរៀងទី៣០ នៅក្នុងការដាក់ចំណាត់ថ្នាក់ប្រកួតប្រជែងទូទាំងពិភពលោកដោយវិទ្យាស្ថានស្វីសក្នុងឆ្នាំ២០២៥ ដោយសារតែបញ្ហាជាមួយនឹងប្រសិទ្ធភាពរបស់រដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងផលិតភាពការងារ។ ទន្ទឹមនេះ វៀតណាម កំពុងត្រូវបានគេមើលឃើញថា ជាមហាអំណាចសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។
សារព័ត៌មាន The Star បានរាយការណ៍កាលពីថ្ងៃទី២៧ ខែឧសភា ថា វៀតណាម កំពុងលេចធ្លោជាងថៃ ក្នុងនាមជាមជ្ឈមណ្ឌលនាំចេញ និងផលិតកម្មរបស់ពិភពលោកដោយសារថ្លៃដើមពលកម្មទាប កំណើនហេដ្ឋារចនាសម្ព័ន្ធលឿន ការវិនិយោគបរទេសកើនឡើង និងការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ជាក់ស្ដែងក្រុមហ៊ុនធំៗទូទាំងពិភពលោករួមមានក្រុមហ៊ុន Samsung ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន Apple ជាដើម កំពុងពង្រីកប្រតិបត្តិការផលិតកម្មនៅក្នុងប្រទេសវៀតណាម ខណៈដែលផលិតកម្មមួយចំនួនបានផ្លាស់ប្តូរចេញពីប្រទេសថៃ។ ការនាំចេញរបស់ប្រទេសវៀតណាម បានវ៉ាដាច់ប្រទេសថៃ រួចទៅហើយ ដោយសារកំណើនតម្រូវការគ្រឿងអេឡិចត្រូនិក បន្ទះឈីប និងទំនិញបច្ចេកវិទ្យា។
ទោះជាយ៉ាងណាប្រទេសថៃ នៅតែរក្សាបានការឈានមុខគេក្នុងវិស័យភ័ស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មរថយន្ត និងការផ្គត់ផ្គង់ថាមពល ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា ប្រទេសថៃ កំពុងធ្លាក់ចុះក្នុងការប្រកួតប្រជែងដោយសារវិបត្តិការិយាធិបតេយ្យ កង្វះខាតកម្លាំងពលកម្ម និងការអនុវត្តគម្រោងមានការយឺតយ៉ាវ។
ក្រុមអ្នកជំនាញលើកឡើងថា ពេលនេះថៃ និងវៀតណាម កំពុងប្រកួតប្រជែងគ្នាខ្លាំងក្លាណាស់ ដើម្បីយកចាញ់ឈ្នះថា តើប្រទេសណានឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងផលិតកម្មដ៏សំខាន់បន្ទាប់របស់អាស៊ាន ទោះបីជាប្រទេសទាំងពីរនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់នៅក្នុងតំបន់ក៏ដោយ៕
ដោយ: តែម សុខុម