ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានគូសបញ្ជាក់ថា តម្លៃអង្ករប្រភេទបាក់ ៥% របស់វៀតណាម បន្តកើនឡើងថ្លៃដល់ចន្លោះ ៤៦៨ដុល្លារ ដល់ ៤៧២ដុល្លារ ក្នុងមួយតោន គិតចាប់ពីដើមខែសីហាមក ដែលតម្លៃនេះ ខ្ពស់ជាងប្រភេទអង្កររបស់ថៃដល់ទៅ ១៥ដុល្លារឯណោះ។
អ្នកជំនាញបានអះអាងថា បើទោះបីជា ទិន្នផលនៃការនាំចេញអង្ករក្នុងឆ្នាំនេះ សម្រេចបានប្រហាក់ប្រហែល នឹងឆ្នាំមុនក្តីតែតម្លៃអង្ករ មានការកើនឡើងធ្វើឲ្យប្រាក់ចំណូលកើនឡើងខ្ពស់ផងដែរ ហើយតម្លៃអង្ករវៀតណាម អាចនឹងថ្លៃជាងអង្ករថៃពេញមួយឆ្នាំនេះតែម្តង។
ដោយឡែក នៅក្នុងខែកក្កដាកន្លងទៅ វៀតណាម បាននាំចេញអង្ករជិត ៤៨ម៉ឺនតោន កើនឡើង ៦% ធៀបនឹងខែមិថុនា ហើយប្រទេសហ្វីលីពីន នៅតែជាអ្នកទិញអង្ករវៀតណាមច្រើនជាងគេបំផុត។
លើសពីនេះទៅទៀត វៀតណាមក៏រំពឹងខ្ពស់ពីការចាប់ចំណែកទីផ្សារអង្ករក្រអូប នៅសហភាពអឺរ៉ុប ដោយអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ភាគីទាំងពីរ ដែលបានចូលធរមានតាំងពីដើមខែសីហាមក ហើយវៀតណាម សង្ឃឹមថា នឹងរកបានប្រាក់ចំណូលខ្ពស់ តាមរយៈការលក់ប្រភេទអង្ករក្រអូប គុណភាពខ្ពស់ ដែលអាចមានតម្លៃដល់ទៅ ៩០០ដុល្លារអាមេរិក ក្នុងមួយតោន។
គួររម្លឹកបន្តិចដែរថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំនេះ វៀតណាម បានធ្វើការនាំចេញទំនិញជាង ១៤៥ពាន់លានដុល្លារអាមេរិក និងបាននាំចូលមកវិញជាង ១៣៩ពាន់លានដុល្លារអាមេរិក ធ្វើឲ្យ ទំហំអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាម សម្រេចបានជាង ៦,៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៣២៨% ពោលគឺ លើសពី៣ដងទៅទៀត ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕