លោកស្រី ង្វៀន ធី ធូសាក់ អនុប្រធានសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម បានឲ្យដឹងថា ការនាំចេញគ្រឿងសមុទ្រ ក្នុងឆ្នាំ ២០១៩ អាចនឹងជួបឧបសគ្គខ្លះ ក៏ប៉ុន្តែ ការនាំចេញត្រីធូណា នៅមានឱកាសលូតលាស់ខ្លំាងណាស់ ដោយសារតែ វៀតណាម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ បណ្តាប្រទេសមួយចំនួន។
លោកស្រី បន្តថា ការនាំចេញត្រីធូណា ត្រូវបានព្យាករណ៍ថា នឹងកើនដល់ ១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ដែលកើនឡើង ៣៥០លានដុល្លារអាមេរិក ច្រើនជាងឆ្នាំមុន ខណៈដែរ ផលិតផលគ្រឿងសមុទ្រដទៃទៀត ដូចជា ត្រី មឹក កើនឡើងបន្តិចប៉ុណ្ណោះ។
សម្រាប់ទីផ្សារប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងមានការកើនឡើងប្រមាណ ២៧ភាគរយដូចគ្នា ដែលក្នុងនោះ ការនាំចេញទៅជប៉ុន គិតជាទឹកប្រាក់ប្រមាណ ៩០០លានដុល្លារអាមេរិក ហើយការនំាចេញទៅកូរ៉េខាងត្បូង មានប្រមាណ ៦០០លានដុល្លារអាមេរិក ដែលមានកិច្ចព្រមព្រៀងពិសេស ផ្តោតទៅលើ ការនាំចេញផលិតផលគ្រប់មុខ ជាពិសេស មឹក និងក្តាម។
រីឯទីផ្សារអាមេរិក និងទីផ្សារអាស៊ីអាគ្នេយ៍ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៤៨០លានដុល្លារអាមេរិកដូចគ្នា ដែលក្នុងនោះ អាមេរិក ភាគច្រើននាំចូល មឹក និងក្តាម ហើយបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ នាំចូលត្រីធូណា មឹក និងប្រភេទផ្សេងៗទៀត។
យ៉ាងណាមិញ កាលពីឆ្នាំ ២០១៨ ប្រទេសវៀតណាម ក៏បាននាំចូលគ្រឿងសមុទ្រឆៅ ដែលមានតម្លៃជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីកែច្នៃសម្រាប់នាំចេញវិញផងដែរ៕