តាមរបាយការណ៍ពី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ផលិតកម្មវាយនភណ្ឌវៀតណាមនៅរក្សាបានកំណើនប្រមាណ ២,៨% ប៉ុណ្ណោះ នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្លាប់មានដល់ទៅ ១១,៥%។
ផលិតកម្មកាត់ដេរបានធ្លាក់ចុះ ៤,៧% ដោយឧស្សាហកម្មនេះ កំពុងមានការលំបាកទាក់ទងនឹងប្រភពវត្ថុធាតុដើមសម្រាប់ការផលិត និងបានធ្លាក់ចុះការបញ្ជាទិញនាំចេញ ដោយសារតែការផ្ទុះរាលដាលនៃកូវីដ១៩។
ការបញ្ជាទិញជាច្រើនត្រូវបានលុបចោល ឬពន្យារពេលនៅក្នុងខែឧសភា និងមិថុនា។ តួយ៉ាង ក្នុងខែឧសភាមានការបញ្ជាទិញដល់ទៅ ៥០% ត្រូវបានលុបចោល ឬពន្យារពេល ហើយតម្លៃទីផ្សារសកលលបានធ្លាក់ចុះ២០% ដោយសារតែតម្រូវការធ្លាក់ចុះ។
របាយការណ៍ពីសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាមបានបញ្ជាក់ថា មាន៨០% នៃអាជីវកម្មនៅក្នុងឧស្សាហកម្មនេះ បានកាត់បន្ថយបុគ្គលិកនៅក្នុងខែមេសា និងឧសភា ហើយការកាត់បន្ថយបុគ្គលិកនេះ អាចនឹងមានថែមទៀត នៅក្នុងត្រីមាសទី៣នេះ។
លោក លី តៀន ត្រុង នាយកប្រតិបត្តិក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរជាតិវៀតណាម បាននិយាយថា ប្រាក់ ចំណូល និងចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះរហូតដល់ពាក់កណ្ដាល។ លោកបន្ថែមថា ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាការងារបុគ្គលិកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្ដែប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្ដលើស៦ខែ ការកាត់ការងារបុគ្គលិកនឹងបន្ដមានថែមទៀត។
ក្រុមហ៊ុនភាគច្រើនបានផ្លាស់ប្ដូរការផលិតរបស់ពួគគេ ពីការផលិតសម្លៀកបំពាក់ ទៅជាការផលិតម៉ាសវិញផងដែរ ដើម្បីបំពេញកំណើននៃតម្រូវការសកល។ វៀតណាមបាននាំចេញម៉ាស់៥៥៧ លានម៉ាសក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដោយក្នុងនោះ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, សិង្ហបុរី និងកូរ៉េខាងត្បូង គឺជាទីផ្សារធំបំផុតសម្រាប់ការនាំចេញម៉ាស់របស់វៀតណាម។ នេះបើតាមតួលេខពីគយវៀតណាម។
ប៉ុន្ដែ អ្នកជំនាញបាននិយាយថា ការនាំចេញម៉ាស់នេះ មិនអាចជួយបំពេញនូវការខ្វះខាតនៃការបញ្ជាទិញនៃវិស័យកាត់ដេរបានទេ។ តាមការព្យាកររបស់អ្នកជំនាញ នៅក្នុងសេណារីយ៉ូ អាក្រក់បំផុត ការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេររវៀតណាម អាចនឹងធ្លាក់ចុះដល់២៣% នៅឆ្នាំនេះ ដែលនឹងមាននៅប្រមាណ៣០ពាន់លានដុល្លារអាមេរិក៕