ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ការនាំចេញអាហារសមុទ្ររបស់ប្រទេសនេះ អាចនឹងប្រឈមនឹងផលប៉ះពាល់ នៅឆ្នាំក្រោយ ដោយសារតែស្ថានភាពសេដ្ឋកិច្ចសាកលត្រូវបានព្យាករថា នឹងមានការថយចុះគួរឲ្យកត់សម្គាល់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
អគ្គលេខាធិការសមាគមអ្នកផលិត និងនាំចេញអាហារសមុទ្រវៀតណាម លោក Truong Dinh Hoe បាននិយាយកាលពីថ្ងៃទី២៦ខែវិច្ឆិកាថា ការនាំចេញអាហាសមុទ្រវៀតណាម អាចនឹងកើនលើ១០ពាន់លានដុល្លារជាលើកដំបូង ពោលគឺអាចនឹងមានដល់១១ពាន់លានដុល្លារ នៅឆ្នាំ២០២២នេះ។
ទីផ្សារនាំចេញអាហារសមុទ្រធំៗបំផុតរបស់ប្រទេសវៀតណាម គឺសហរដ្ឋអាមេរិក ជប៉ុន ចិន និងសហភាពអឺរ៉ុប។ ក្នុងនោះ សហភាពអឺរ៉ុប អាមេរិក និងចិនមានចំណែកដល់ទៅ ៦០% នៃពាណិជ្ជកម្មអាហារសមុទ្រសកលលោក ហើយប្រទេសទាំងបីនេះ គឺមានចំណែកដល់ទៅ ៥០% នៃការនាំចេញរបស់វៀតណាមនៅ១០ខែដំបូងឆ្នាំនេះ។
អគ្គលេខាធិការសមាគមអ្នកផលិត និងនាំចេញអាហារសមុទ្រវៀតណាម បានលើកឡើងទៀតថា គ្រប់វិស័យទាំងអស់ នៃឧស្សាហកម្មអាហារសមុទ្រ បានកើនឡើងពី ១៨% ទៅដល់៧៧% ប៉ុន្ដែ ការនាំចេញកំពុងចាប់ផ្ដើមថមថយចុះទៅវិញ នៅចំពេលដែលការបញ្ជាទិញធ្លាក់ចុះ គួបផ្សំនឹងបញ្ហាអត្រាការ និងអត្រាប្ដូរប្រាក់កើនខ្ពស់ជាដើម។ ការធ្លាក់ចុះនៃតម្រូវការអាហារសមុទ្រនៅមួយរយៈចុងក្រោយនេះ ក៏ស្របពេលដែលពិភពលោកកំពុងឆ្ពោះទៅរកការដាំក្បាលចុះសេដ្ឋកិច្ច និងអតិផរណាកើនខ្ពស់ផងដែរ។
ទន្ទឹមគ្នានេះ ឧស្សាហកម្មអាហារសមុទ្រវៀតណាម ក៏មានប្រឈនឹងបញ្ហាប្រកួតប្រជែងខ្លាំងជាមួយនឹងដៃគូប្រជែងធំៗរបស់ខ្លួនដូចជាប្រទេសអេក្វាឌ័រ និងឥណ្ឌា ទាក់ទងនឹងការចំណាយ និងតម្លៃទាប ។
អ្នកជំនាញសេដ្ឋកិច្ចព្រមានថា បញ្ហាសេដ្ឋកិច្ចសាកលនឹងអាចអាក្រក់កាន់តែខ្លាំងនៅឆ្នាំ២០២៣ វានឹងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ចំពោះឧស្សាហកម្មអាហារសមុទ្រវៀតណាម។ ប៉ុន្ដែ អ្នកជំនាញថា ពាណិជ្ជករក្នុងវិស័យនេះ មិនគួរមានទុទិដ្ឋិយមខ្លាំងជ្រុលពេកនោះទេ តែពួកគេស្វែងរកឱកាសថ្មីៗ ដើម្បីការរីកចម្រើន ទើបជាការប្រសើរ។
សូមបញ្ជាក់ថា នៅ១០ខែដំបូងឆ្នាំនេះ វៀតណាមនាំចេញអាហារសមុទ្រក្នុងតម្លៃជាទឹកប្រាក់ ៩ពាន់៤រយលានដុល្លារ កើនឡើង៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញ បង្គារគឺមានចំណែកធំជាងគេ ដល់ទៅជាង ៣ពាន់លានដុល្លារ ឬស្មើនឹង និងរំពឹងថា នៅពេញមួយឆ្នាំ២០២២នឹងនាំចេញបានដល់ ៤ពាន់៤រយលានដុល្លារ៕