នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ដែលយោងប្រភពទីភ្នាក់ងារព័ត៌មាន Reuters។
ប្រភពបានប្រាប់ Reuters ថា ក្រុមហ៊ុន Vietjet នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing របស់ក្រុមហ៊ុនអាមេរិក នៅក្រៅកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុងខែនេះ។
ដំណឹងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ទើបតែបានអនុញ្ញាតឲ្យប្រទេសវៀតណាមអាចធ្វើការហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។
កាលជំនាន់ដែលលោក បារ៉ាក់ អូបាម៉ា នៅជាប្រធានាធិបតីអាមេរិក និងបានមកទស្សនកិច្ចនៅវៀតណាម នាឆ្នាំ២០១៦ ក្រុមហ៊ុន Vietjet ក៏បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737 MAX ដែលមានតួខ្លួនតូចៗ ពីសហរដ្ឋអាមេរិក ផងដែរ។ ហើយឆ្នាំទៅមិញនេះ ក្រុមហ៊ុនដដែល ក៏បានទិញយន្តហោះប្រភេទ Airbus (A321neo) ចំនួន ៥០គ្រឿង ពីប្រទេសបារាំង ផងដែរ៕