ត្រូវបានស្រង់សម្ដីដោយសារព័ត៌មានក្នុងស្រុកវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Thi Thu Hang បាននិយាយថា «យើងនឹងពិនិត្យមើលឲ្យឃើញច្បាស់ពីព័ត៌មាននេះ»។
គណនី Twitter របស់ South China Sea News ដែលជាអង្គការមួយ លើកកម្ពស់ការយល់ដឹង និងការសិក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង ថ្មីៗនេះបានបង្ហោះនូវរូបភាពផ្កាយរណបមួយ ដែលបង្ហាញពីការបង្កើតមូលដ្ឋានមីស៊ីល ព្រមជាមួយនឹងព័ត៌មានមួយចំនួនទាក់ទងនឹងគ្រាប់មីស៊ីល ដែលអាចបញ្ជាបាញ់ពីផ្ទៃដីទៅលើអាកាសបាន ដែលកំពុងត្រូវបានបញ្ចប់ការសាងសង់ជាបណ្ដើរៗហើយនៅតាមនៅក្នុងទឹកដីចិន ក្បែរនឹងព្រំដែនវៀតណាម។
តាមរយៈរូបភាពថតដោយផ្កាយរណបនោះ បានបង្ហាញពីវត្តមានរបស់រ៉ាដា និងយ៉ាងហោចណាស់ មានកន្លែងបើកដំណើរការបាញ់មីស៊ីលចំនួន៦កន្លែង នៅតាមផ្លូវរត់រយន្ដហោះរបស់យោធា។ ទិន្នន័យពីផ្កាយរណប បានបង្ហាញថា មូលដ្ឋាននេះ ត្រូវបានសាងសង់ឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ។
អង្គការលើកកម្ពស់ការយល់ដឹង និងការសិក្សាអំពីបញ្ហាសមុទ្រចិនខាងត្បូង បាននិយាយទៀតថា ក៏មានរចនាសម្ព័ន្ធមួយផ្សេងទៀតដែរ ដែលត្រូវបានគេសង្ស័យថា ជាមូលដ្ឋានឧទ្ធម្ភាគចក្រទ័ពរបស់ចិន ដែលមានចម្ងាយប្រហែល៦០គីឡូម៉ែត្រពីព្រំដែនវៀតណាម៕