ពលរដ្ឋវៀតណាមរស់នៅក្នុងទីក្រុងនាំគ្នាផ្អើលដាំបន្លែក្នុងបំពង់ផ្លាស្ទិកនៅសំយាបផ្ទះ ឬនៅលើដំបូលផ្ទះ ដើម្បីបានបន្លែគ្មានជាតិគីមីគ្រាន់នឹងហូបក្នុងគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News។
ទន្ទឹមនឹងនេះ សហគមន៍កាន់តែច្រើនឡើងនៅក្នុងប្រទេសវៀតណាមងាកទៅរកការដាំដុះបន្លែបែបសរីរាង្គផងដែរ និងនាំគ្នាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃបន្លែផ្លែឈើគ្មានជាតិគីមី។
និន្នាការនៃការនាំគ្នាដាំបន្លែបែបសរីរាង្គនេះ គឺបន្ទាប់ពីមានរបាយការណ៍ជាញឹកញយអំពីបញ្ហាចំណីអាហារគ្មានសុវត្ថិភាព ជាពិសេស បន្លែផ្លែឈើដែលមានផ្ទុកជាតិគីមីប៉ះពាល់ដល់សុខភាព។
ថ្មីៗនេះ របាយការណ៍របស់គណៈកម្មាធិការជំនាញរបស់សភាវៀតណាម បានសិក្សាអំពីសុវត្ថិភាពចំណីអាហារ និងបានរកឃើញថា ចំណីអាហារគ្មានសុវត្ថិភាព ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលបណ្ដាលឲ្យពលរដ្ឋកើតជំងឺមហារីកកើនឡើង។
ប៉ុន្តែ ការរកឃើញនៃរបាយការណ៍នេះ ត្រូវបានរដ្ឋមន្ត្រីសុខាភិបាលវៀតណាមបដិសេធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
របាយការណ៍ដដែលបានរកឃើញថា ៨,៥%នៃបន្លែផ្លែឈើវៀតណាមដែលដាក់លក់នៅលើទីផ្សារ ចន្លោះឆ្នាំ២០១១ និង ២០១៦ មានផ្ទុកជាតិគីមីលើសកម្រិត ហើយ ១៦ភាគរយនៃកសិដ្ឋាន ៥៧.៤០០កន្លែង ដែលត្រូវបានសិក្សា បានរំលោភច្បាប់ទាក់ទងនឹងការប្រើថ្នាំពុលកសិកម្ម និងជីរកសិកម្ម។
ចុះខ្មែរយើងវិញ ដែលទទួលទានបន្លែផ្លែឈើនាំចូលពីវៀតណាម តើគួរបារម្ភទេ?
ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការប្រើប្រាស់បន្លែជាង ៩៣ម៉ឺនតោន ក្នុងនោះកម្ពុជាមានសមត្ថភាពផលិតបន្លែបានដោយខ្លួនឯងប្រមាណតែ៤២ម៉ឺនតោន ដែលចំនួននេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅនឹងតម្រូវការចំាបាច់ និងការកើនឡើងនៃការប្រើប្រាស់ប្រចំាថ្ងៃនៅកម្ពុជានោះទេ។
ដូច្នេះហើយ កម្ពុជានំាចូលបន្លែប្រមាណជាង ៥០ភាគរយពីក្រៅប្រទេស ភាគច្រើនមកពីប្រទេសវៀតណាម ថៃ និងមួយផ្នែកទៀតនាំចូលមកពីប្រទេសចិន ដើម្បីបម្រើឲ្យសេចក្តីត្រូវការចាំបាច់ក្នុងទីផ្សារកម្ពុជា៕