ក្រសួងផែនការ និងការវិនិយោគវៀតណាម បានប្រកាសសេចក្ដីព្រៀងនេះ។ បើតាមសេចក្ដីព្រៀងនេះ ទំហំវិនិយោគសង្គម នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ត្រូវបានរំពឹងថា មានប្រមាណ ១,៥% នៃ ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥។ បន្ថែមពីនេះទៀត វៀតណាម នឹងក្លាយជាប្រទេសកំពូលទាំង៣០ នៅក្នុងពិភពលោក បើគិតពីចំនួនបណ្ណប៉ាតង់ក្នុងវិស័យបច្ចេកវិទ្យា ដែលបានផ្ដល់អាទិភាព។
មិនតែប៉ុណ្ណោះ វៀតណាមក៏មានគោលដៅបង្កើតឲ្យមានក្រុមហ៊ុនចំនួន ៥ នៅឆ្នាំ ២០២៥ និង១០ ក្រុមហ៊ុន នៅឆ្នាំ២០៣០ ដើម្បីអាចផលិតនាំចេញផលិតផល និងសេវាកម្ម ប្រើប្រាស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា4.0 ឬគេហៅថាបច្ចេកវិទ្យាជំនាន់ថ្មី ដូចជា បណ្ដាញ 5G, Internet of Things (loT) បញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យ ដើម្បីនាំទៅកាន់ប្រទេស G7 មានដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ជាងនេះទៅទៀត ប្រទេសវៀតណាម ក៏មានគោលដៅ នឹងជំរុញឲ្យមានយ៉ាងហោចណាស់២០% នៃក្រុមហ៊ុនក្នុងប្រទេស មានការប្រតិបត្តិការនៅក្នុងឧស្សាហកម្មទី៤ នៅត្រឹមឆ្នាំ២០២៥ និងពង្រីកដល់ ៤០% នៅឆ្នាំ២០៣០។
វិស័យសំខាន់ៗដែលត្រូវការចាំបាច់ធ្វើការជាមួយនឹងការផ្លាស់ប្ដូរបច្ចេកវិទ្យា គឺមានដូចជា រដ្ឋបាលសាធារណៈ សេវាកម្ម ថែទាំសុខភាព ការអប់រំ ផលិតកម្ម កសិកម្ម, ភ័ស្តុភារពាណិជ្ជកម្ម បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ និងធនាគារ។
ប្រទេសវៀតណាម ក៏មានឆន្ទៈខ្ពស់ ក្នុងការឈានទៅក្នុងតំណែងជាកំពូលប្រទេសមានការបង្កើតថ្មីទាំង៣០ របស់ពិភពលោក ខណៈបច្ចុប្បន្នឈរក្នុងលំដាប់ ទី ៤២។
បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាគ្រឹះ គឺ 4G របស់វៀតណាម គឺត្រូវបានអភិវឌ្ឍបានយ៉ាងល្អ ខណៈដែលវៀតណាមក៏មានកម្លាំងពលកម្មវ័យក្មេង និងទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អ ពិសេសផ្នែកព័ត៌មាន និងបច្ចេកវិទ្យា ដែលវាជាគ្រឹះសម្រាប់ឧស្សាហកម្ម 4.0។
ប្រទេសវៀតណាម ក៏មានក្រុមហ៊ុន IT ធំៗមួយចំនួនដែរ ដោយមានក្រុមហ៊ុននាំមុខជាច្រើន បានវិនិយោគនៅក្នុងបច្ចេកវិទ្យាឧស្សាហកម្ម 4.0 ពិសេស គឺប្រព័ន្ធរក្សាទុកទិន្នន័យ និងការវិភាគទិន្នន័យ។ ទោះយ៉ាងណា ប្រាក់ចំណូលចម្បងនៃវិស័យ បច្ចេកវិទ្យាព័ត៌មាន គឺបានមកពី ការផ្គត់ផ្គង់កម្មវិធីខាងក្រៅ(Software Outsourcing)។ ទន្ទឹមនឹងនោះ ក៏មានក្រុមហ៊ុនខ្លះមានការប្រយ័ត្នប្រយែងក្នុងការវិនិយោគ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា 4.0 នេះផងដែរ។
បើតាមក្រសួងផែនការ និងវិនិយោគវៀតណាម បដិវដ្ដឧស្សាហកម្មជំនាន់ទី៤ នេះ អាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់ណាស់។
នៅឆ្នាំ២០៣០ សេដ្ឋកិច្ចវៀតណាមអាចនឹងកើនបន្ថែមពី ២៨,៥ ពាន់លានដុល្លារ ទៅ ៦២,១ពាន់លានដុល្លារ អាស្រ័យលើ ការប្រើប្រាស់បច្ចេកវិទ្យា ស្មើនឹង៧ ទៅ១៦ភាគរយ នៃ GDP បបើធៀបនឹងការដែលមិនបានចូលរួមក្នុងឧស្សាហកម្ម 4.0។
គួរបញ្ជាក់ថា បដិវត្តន៍នេះ ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូររចនាសម្ព័ន្ធការងារនៃសេដ្ឋកិច្ច ដោយបន្ថែម ១,១ លាន ទៅ១,៣លានការងារ នៅក្នុងប្រទេសវៀតណាម។ លើសពីនេះ ផលិតភាពការងារ ក៏អាចនឹងកើនឡើងចន្លោះពី ៣១៥ដុល្លារ ទៅ៦៤០ ដុល្លារអាមេរិក សម្រាប់បុគ្គលិកម្នាក់ផងដែរ នៅឆ្នាំ២០៣០៕