យោងតាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសវៀតណាមនឹងទំនើបដូចក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅត្រឹមឆ្នាំ២០៣០ ហើយនឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចបណ្ដាប្រទេសជឿនលឿន ឬប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៤៥ នៅពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលតភ្ជាប់ប្រទេសវៀតណាមជាមួយតំបន់ និងពិភពលោកត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ។
ធនធាននានានឹងត្រូវចំណាយជាអាទិភាពសម្រាប់គម្រោងផ្លូវល្បឿនលឿន ភាគខាងជើង-ភាគខាងត្បូង អាកាសយានដ្ឋានអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែ ផ្លូវទឹកសំខាន់ៗ និងផ្លូវដែកល្បឿនលឿនភាគខាងជើង និងភាគខាងត្បូង។ យន្តការ និងគោលនយោបាយរឹងមាំនឹងត្រូវបានបង្កើតឡើងដើម្បីបង្កើតអង្គភាពសាជីវកម្មឈានមុខគេ ដែលមានធនធានគ្រប់គ្រាន់ និងការគ្រប់គ្រងបែបទំនើប និងលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើបៗសម្រាប់ការងារសំណង់ជាយុទ្ធសាស្ត្រធំៗ។
មូលដ្ឋានទិន្នន័យស្តីពីសេដ្ឋកិច្ចសង្គម និងធនធានបរិស្ថាននៃតំបន់នីមួយៗ នឹងត្រូវបានកសាងឡើង និងភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យថ្នាក់ជាតិរបស់ប្រទេសនេះ។ បណ្ដាទីភ្នាក់ងារពាក់ព័ន្ធនឹងសិក្សាពីយន្តការនានា ដើម្បីពន្លឿនដំណើរការទិញដីធ្លី និងផ្ដល់សំណង។ យោងតាមផែនការដែលត្រូវបានអនុម័តបង្ហាញថា ទីក្រុងហាណូយ នឹងមានផ្លូវរថភ្លើងក្រោមដីចំនួន១០ខ្សែដែលមានប្រវែងសរុប៤១៧គីឡូម៉ែត្រនៅឆ្នាំ២០៣០។ ទន្ទឹមនេះ ទីក្រុងហូជីមិញ នឹងមានផ្លូវរថភ្លើងក្រោមដីចំនួន៨ខ្សែ និងផ្លូវរថភ្លើងលើអាកាសចំនួន៣ខ្សែដែលមានប្រវែងសរុបប្រមាណ២២០គីឡូម៉ែត្រនៅឆ្នាំ២០៣០ ជាមួយនឹងទំហំចំណាយ២៥ពាន់លានដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម