ចាប់ពីថ្ងៃទី ០១ ខែ កក្កដា រហូតដល់៣១ ខែធ្នូ ឆ្នាំ២០២៣ តម្លៃនៃការចុះបញ្ជីរថយន្តដែលផលិតនៅក្នុងប្រទេសវៀតណាម នឹងបញ្ចុះរហូតដល់ ៥០ ភាគរយ ដើម្បីជួយដល់សហគ្រាស ផលិតនិងលក់រថយន្តនៅក្នុងប្រទេស ខណៈដែលទីផ្សារលក់រថយន្តនៅក្នុងប្រទេសដែលមាន ប្រជាជាតិប្រមាណជា ១០០ លាននាក់នេះ កំពុងតែធ្លាក់ចុះខ្លាំង ។
សារព័ត៌មាន Vietnam News បានអះអាងថា ក្រិត្យនេះ ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ឡេ មិញ ខៃ (Le Minh Khai) កាលពីថ្ងៃទី ២៨ ខែកក្កដា តាមសំណើរបស់ក្រសួងហិរញ្ញវត្ថុ បន្ទាប់ពីសមាគមរោងចក្រផលិតរថយន្តវៀតណាម, សមាគមសហគ្រាសមេកានិចវៀតណាមជាដើម បានស្នើសុំជំនួយដើម្បីជួយសង្រ្គោះអាជីវកម្មនិងផលិតកម្មរបស់ពួកគេ ។
ក្រសួងហិរញ្ញវត្ថុវៀតណាមបានអះអាងថា ការកាត់បន្ថយថ្លៃសេវាចុះបញ្ជីចំនួន៥០ភាគរយសម្រាប់រថយន្តដែលផលិតក្នុងស្រុកអាចនាំឲ្យមានការកើនឡើងនៃបរិមាណលក់ ហើយជាលទ្ធផលប្រទេសនេះអាចនឹងទទួលបានកំណើនពន្ធលើតម្លៃបន្ថែម និងចំណូលពន្ធផ្សេងៗទៀត។
សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បានឱ្យដឹងថា ការលក់រថយន្តសរុបនៅលើទីផ្សារបានឈានដល់ត្រឹមតែជិត៩ម៉ឺន៣ពាន់គ្រឿង ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៣ ពោលគឺធ្លាក់ចុះ ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានអះអាងថា បរិមាណលក់រថយន្តដែលដំឡើងក្នុងស្រុក សម្រេចបាន៥ម៉ឺនគ្រឿង ធ្លាក់ចុះ ៣៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការលក់រថយន្តនាំចូលក៏មានការថយចុះ១៦ភាគរយដែរ បើធៀបនឹងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២២ ដែលមានត្រឹមតែជាង៤ម៉ឺ៣ពាន់គ្រឿងនៅដំណាច់ត្រីមាសទី២។
ស្ថិតិរួមបង្ហាញថា ការលក់រថយន្តសរុបសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំនេះគឺបានត្រឹមតែជាង១១ម៉ឺនគ្រឿង ដោយបានធ្លាក់ចុះជិត៣៦ភាគរយ ។
ក្រសួងហិរញ្ញវត្ថុវៀតណាមបានអះអាងថា ចំណូលជាតិអាចថយចុះពី ៣៤០ ទៅ ៣៨២ លានដុល្លារ ដោយសារតែការបញ្ចុះតម្លៃចុះបញ្ជីយានយន្តនេះ៕
ដោយៈ សរ សុជាតិ