រូបិយប័ណ្ណ​ជប៉ុន

ហេតុអ្វីអាម៉េរិក ជួយអន្តរាគមន៍ទិញប្រាក់យ៉េនជប៉ុន ក្រោយរូបិយប័ណ្ណនេះធ្លាក់ដល់កម្រិតវិបត្តិ?


សហរដ្ឋអាម៉េរិក បានចាត់វិធានការដ៏កម្រមួយដោយចូលអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណ និងទិញប្រាក់យ៉េនជប៉ុន ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ដើម្បីជួយទប់កុំឱ្យរូបិយប័ណ្ណរបស់ប្រទេសជាសម្ព័ន្ធមិត្តមួយនេះធ្លាក់ចុះកាន់តែខ្លាំង។ ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ការអន្តរាគមន៍នេះ គឺដើម្បីជួយប្រទេសជប៉ុន ហើយក៏ដើម្បីសេដ្ឋកិច្ចពិភពលោក ខណៈប្រាក់យ៉េន បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈ​ពេលប្រមាណ៤០ឆ្នាំមក​នេះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
រូបិយប័ណ្ណ​ជប៉ុន
ដោយ

ការធ្លាក់ថ្លៃប្រាក់យ៉េន បានបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីការឡើងថ្លៃទំនិញនាំចូល ការហក់ឡើងនៃអតិផរណា និងសម្ពាធកាន់តែខ្លាំងលើសេដ្ឋកិច្ចជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតមួយរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងជប៉ុន កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានធ្វើអន្តរាគមន៍រួមគ្នាដោយទិញចូលប្រាក់យ៉េនជប៉ុន និងលក់ចេញប្រាក់ដុល្លារអាម៉េរិក ដើម្បីទប់ស្កាត់កុំឱ្យរូបិយប័ណ្ណជប៉ុនធ្លាក់ថ្លៃបន្ថែមទៀត។ លោក ត្រាំ បានអះអាងថា ជប៉ុនបានស្នើសុំជំនួយដោយសារប្រាក់យ៉េនរបស់ខ្លួនបានធ្លាក់ថ្លៃខ្លាំងពេក ហើយលោកចាត់ទុកការជួយនេះថា ជាវិធានការដែលមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចពិភពលោក។ ប្រាក់យ៉េន ដែលធ្លាក់ចុះខ្លាំងបានធ្វើឱ្យទំនិញនាំចូលសំខាន់ៗដូចជាប្រេង ឧស្ម័ន និងស្បៀងអាហារមានតម្លៃកាន់តែថ្លៃ។ សម្រាប់ប្រទេសជប៉ុន ដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល វាបានបង្កើនសម្ពាធលើថ្លៃជីវភាពរស់នៅរបស់ប្រជាជន និងបង្កការលំបាកដល់អាជីវកម្មជាច្រើន។
ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថា ការអន្តរាគមន៍នេះមានគោលបំណងទប់ស្កាត់ការប្រែប្រួលខ្លាំង និងភាពមិនប្រក្រតីនៅក្នុងទីផ្សាររូបិយប័ណ្ណ។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកលោក Scott Bessent ក៏បានបង្ហាញដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនស្ទាក់ស្ទើរក្នុងការចូលរួមអន្តរាគមន៍បន្ថែមទៀតនោះឡើយ ប្រសិនបើចាំបាច់។
ទោះជាយ៉ាងណា បញ្ហារបស់ប្រាក់យ៉េនមិនមែនកើតឡើងត្រឹមមួយថ្ងៃនោះទេ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ជប៉ុនបានរក្សាអត្រាការប្រាក់ទាបជាងប្រទេសធំៗផ្សេងទៀត ដើម្បីជំរុញសេដ្ឋកិច្ច ប៉ុន្តែវាក៏បានធ្វើឱ្យវិនិយោគិនជាច្រើនប្តូរទៅកាន់កាប់រូបិយប័ណ្ណផ្សេងៗ ដែលផ្តល់ផលចំណេញខ្ពស់ជាង ហើយកត្តានេះបានដាក់សម្ពាធបន្ថែមទៀតលើប្រាក់យ៉េន។ ជាពិសេសវិបត្តិសង្គ្រាមអ៊ីរ៉ង់ និងការឡើងថ្លៃថាមពលពិភពលោក ក៏បានធ្វើឱ្យការចំណាយរបស់ជប៉ុនលើទំនិញនាំចូលកាន់តែខ្ពស់ និងធ្វើឱ្យរូបិយប័ណ្ណយ៉េនកាន់តែធ្លាក់ថ្លៃផងដែរ។
ទោះបីជាការធ្វើអន្តរាគមន៍រួមគ្នារវាងសហរដ្ឋអាម៉េរិក និងជប៉ុនអាចជួយឱ្យប្រាក់យ៉េនងើបឡើងវិញក្នុងរយៈពេលខ្លីយ៉ាងណាក្ដី ក៏អ្នកវិភាគជាច្រើនព្រមានថា ការទិញចូលរូបិយប័ណ្ណតែមួយមុខ គឺមិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងជ្រៅរបស់ជប៉ុនបានឡើយ ហើយប្រាក់យ៉េន អាចប្រឈមនឹងសម្ពាធធ្លាក់ថ្លៃម្តងទៀត ប្រសិនបើមូលដ្ឋានសេដ្ឋកិច្ចគ្មានភាពប្រសើរឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ហ្វតតេ អបអរសាទរខួប ២៧ ឆ្នាំ ក្នុងនាមជា «ខែលការពារហិរញ្ញវត្ថុកម្ពុជា» តាមរយៈការឧបត្ថម្ភគាំទ្រ «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ»

ក្នុងឱកាសអបអរសាទរខួប ២៧ ឆ្នាំរបស់ខ្លួន ក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រងឈានមុខគេនៅកម្ពុជា ហ្វតតេ បានចូលរួមជាដៃគូឧបត្ថម្ភផ្លូវការក្នុង «ទិវារត…

រដ្ឋចំនួន២៥ ដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីប្រឆាំងនឹងវិធានការពន្ធគយថ្មីរបស់រដ្ឋបាល​លោក ត្រាំ

រដ្ឋចំនួន២៥ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យប្តឹងរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែសីហា ដោយចោទប្រកាន់ថា ប្រធានាធិបតីរូបនេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ